អាវុធហត្ថរាជធានីភ្នំពេញ ចុះអប់រំ និងធ្វើកិច្ចសន្យាលើទីតាំងចាក់បាស់រំខានអ្នកជិតខាងក្នុងខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ពាក់ព័ន្ធករណីអ្នកជិតខាងតែងតែចាក់បាស់ និងប្រើប្រាស់ឧបករណ៍បំពងសម្លេងរំខានដល់អ្នកជិតខាង រហូតដល់ម៉ោង ១១ និង ១២យប់ ស្ទើរតែរៀងរាល់ថ្ងៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុខដុមរមនាក្នុងសហគមន៍។
ជាក់ស្តែង នៅវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំមូលដ្ឋានខណ្ឌទួលគោក បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះទីតាំងចំនួន ០២កន្លែង ដែលតែងតែចាក់បាស់ និងបំពងសម្លេងរំខានដល់អ្នករស់នៅជិតខាង។
ទីតាំងទាំង២ រួមមាន៖
ទីតាំងទី១៖ ផ្ទះលេខ៣២ ផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទីតាំងទី២៖ ផ្ទះលេខ៩១ ផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាឱ្យម្ចាស់ទីតាំងបញ្ឈប់ការចាក់បាស់ និងបំពងសម្លេងរំខានដល់អ្នកដទៃ ជាពិសេសនៅពេលយប់ជ្រៅ និងម៉ោងសម្រាកពេលថ្ងៃ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងមូលដ្ឋាន។ ក្នុងករណីមិនអនុវត្តតាមការណែនាំ សមត្ថកិច្ចនឹងចាត់វិធានការដកហូតឧបករណ៍បំពងសម្លេងទាំងនោះតាមនីតិវិធី។
អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពសិទ្ធិអ្នកជិតខាង ជៀសវាងការប្រើប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ ដែលបង្កផលរំខានដល់សាធារណជន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម៕









