អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទក្នុងមន្ទីរពេទ្យតេជោសន្តិភាព
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទនៅក្នុងមន្ទីរពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រោយសន្តិសុខមន្ទីរពេទ្យ បានរាយការណ៍សុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ ពាក់ព័ន្ធករណីជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺ ដើម្បីឆ្លៀតឱកាសលួចយកទ្រព្យសម្បត្តិ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមមាន៖
១- ឈ្មោះ ដារ៉ូ ភារុន ភេទប្រុស អាយុ ២០ឆ្នាំ
២- ឈ្មោះ ត្រេន អាយយុ ភេទប្រុស អាយុ ១៧ឆ្នាំ
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






