អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិនម្នាក់
ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែង ស្ថិតនៅចំណុចឃ្លាំងអូស៊ានគ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរឹបអូសបានបារីអេឡិចត្រូនិក (FISCO) ចំនួន ១៣កេស ស្មើនឹង ២៦០០ប្រអប់ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១២ និង ៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ។
ក្នុងនោះ កម្លាំងជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌសែនសុខ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិចិន ត្រូវបាននាំខ្លួនទៅកាន់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ការនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ រួមទាំងស៊ីស្សាគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត។ កន្លងមក សមត្ថកិច្ចបានបន្តបង្ក្រាបជាបន្តបន្ទាប់លើទីតាំងពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ទាំងនេះ នៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មាន ដើម្បីរួមចំណែកបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬទាក់ទងតាម Telegram, WhatsApp និង CoolApp លេខ 031 5555 669 ព្រមទាំងអាចផ្ញើសារទៅកាន់ផេកហ្វេសប៊ុក Phnom Penh Gendarmerie បានគ្រប់ពេលវេលា៕





