អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម នៅខណ្ឌឫស្សីកែវ
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ព្រមទាំងដកហូតគ្រឿងញៀនជាង ១គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីកម្លាំងជំនាញបានបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ រហូតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ច វត្ថុតាងដែលដកហូតបានរួមមាន ក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ២១កញ្ចប់ (ធំ-តូច) មានទម្ងន់សរុប ១,២១១.៤០ក្រាម ស្មើនឹងជាង ១គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង, ដបសម្រាប់ជក់គ្រឿងញៀនចំនួន ១ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






