កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាតការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនពលរដ្ឋកម្សាន្តតាម Walk Street
រាជធានីភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមចុះល្បាត ការពារ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ នៅតាមដងផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការល្បាតនេះ ត្រូវបានអនុវត្តក្នុងគោលបំណងពង្រឹងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅតំបន់ Walk Street ឱ្យអាចធ្វើដំណើរ និងសប្បាយរីករាយប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព។
ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ និងសម្របសម្រួលចរាចរណ៍ ដើម្បីបង្ការនិងឆ្លើយតបភ្លាមៗចំពោះហេតុការណ៍ផ្សេងៗដែលអាចកើតមាន ក្នុងអំឡុងពេលប្រជាពលរដ្ឋចេញដើរកម្សាន្តយ៉ាងច្រើនកុះករ។
សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ឱ្យទទួលបានការកម្សាន្តប្រកបដោយសុវត្ថិភាព ៕

















