អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ឃាត់ខ្លួន២នាក់ និងដកហូតម៉ូតូ១គ្រឿង
ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងឃាត់ខ្លួនបានចំនួន ០២នាក់ ព្រមទាំងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៣ និង ០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្នើសុំអន្តរាគមន៍លើករណីក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។
ក្រោយទទួលព័ត៌មាន កម្លាំងអាវុធហត្ថក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះប្រតិបត្តិការភ្លាមៗ នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងក្រុមក្មេងទំនើងតែងប្រមូលផ្តុំ និងធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កការភ័យខ្លាច និងរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ព្រមទាំងបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ក្នុងនោះ ម៉ូតូចំនួន ០១គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល ០៣ខែ។
វិធានការនេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យអនុវត្តវិធានការតឹងរឹងចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ជាពិសេស ចំពោះសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ ត្រូវដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ សម្រាប់ការប្រព្រឹត្តលើកទី១ និង ០៦ខែ ប្រសិនបើនៅតែបន្តប្រព្រឹត្តជាលើកទី២៕







