អាវុធហត្ថរាជធានីភ្នំពេញ អន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធអំពើហិង្សាក្នុងគ្រួសារ និងសង្ស័យប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីខាងលើបានកើតឡើងនៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីអាវុធហត្ថទទួលបានព័ត៌មានសុំអន្តរាគមន៍តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ពីប្រជាពលរដ្ឋ អំពីបុរសម្នាក់ឈ្មោះ សុខ សំណាត់ ភេទប្រុស អាយុ៤៥ឆ្នាំ ដែលមានសភាពសង្ស័យស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និងបានធ្វើសកម្មភាពអុកឡុក ព្រមទាំងបង្កហិង្សាលើសមាជិកគ្រួសារ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះដល់ទីតាំងកើតហេតុ និងធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ មុនបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពដដែលបញ្ជាក់ថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើបុរសរូបនេះ និងរកឃើញមានសារធាតុញៀន។ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ជនសង្ស័យអាចបានប្រើប្រាស់គ្រឿងញៀនក្នុងកម្រិតខ្ពស់ ដែលបណ្តាលឲ្យបាត់បង់ការគ្រប់គ្រងស្មារតី និងបង្ហាញអាកប្បកិរិយាគំរាមកំហែង បំភិតបំភ័យ រហូតឈានដល់ការអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះករណីអសន្តិសុខ សកម្មភាពខុសច្បាប់ ឬអំពើហិង្សាផ្សេងៗ សូមរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច ឬតាមរយៈលេខទូរស័ព្ទបន្ទាន់ ដើម្បីឲ្យមានការអន្តរាគមន៍ទាន់ពេលវេលា៕






