ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ASEAN Hyundai Cup 2026
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ ASEAN Hyundai Cup 2026 រវាងក្រុមជម្រើសជាតិកម្ពុជា 🇰🇭 និងក្រុមជម្រើសជាតិសិង្ហបុរី 🇸🇬។
ការប្រកួតនេះ ត្រូវបានរៀបចំឡើងនៅកីឡដ្ឋានជាតិមរតកតេជោ ដោយមានអ្នកគាំទ្រកីឡា និងប្រជាពលរដ្ឋចូលរួមទស្សនា និងលើកទឹកចិត្តក្រុមជម្រើសជាតិរបស់ខ្លួនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រៀមជួយសង្គ្រោះបន្ទាន់ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ៕




















