ក្រុងស្ទឹងត្រែងបើកយុទ្ធនាការ «ភូមិស្អាត» លើកកម្ពស់អនាម័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរ
ខេត្តស្ទឹងត្រែង ៖ សាលាក្រុងស្ទឹងត្រែង បានបើកយុទ្ធនាការ «ភូមិស្អាត» ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានជុំវិញលំនៅឋាន ថែរក្សាអនាម័យ និងការពារសមិទ្ធផលសាធារណៈ សំដៅលើកកម្ពស់គុណភាពរស់នៅ និងបង្កើនភាពទាក់ទាញវិស័យទេសចរណ៍ក្នុងខេត្ត។
ក្នុងយុទ្ធនាការនេះ ដែលរៀបចំឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ម ដារ៉ា អភិបាលរងក្រុងស្ទឹងត្រែង បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវ ស្ពាន សួនច្បារ កន្លែងកម្សាន្ត និងប្រព័ន្ធទឹកស្អាត ត្រូវបានរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានកសាងឡើង ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាថែរក្សា និងអភិរក្សសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ និងតំបន់អភិវឌ្ឍន៍ ចូលរួមកាប់សម្អាតព្រៃ សម្អាតមុខផ្ទះ និងរក្សាបរិស្ថានឱ្យស្អាត ដើម្បីបង្កើនសោភ័ណភាពទីក្រុង និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។
តំណាងប្រជាពលរដ្ឋ លោក ហេង លីមហ៊ួ បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះ ដោយលើកឡើងថា ការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែងក្នុងរយៈពេលចុងក្រោយ បានធ្វើឱ្យទីក្រុងមានសោភ័ណភាពកាន់តែស្រស់ស្អាត និងទទួលបានការកោតសរសើរពីភ្ញៀវទេសចរជាច្រើន។
ដោយឡែក លោកស្រី ព្រំ ញឹប អាយុ៦២ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ បានបញ្ជាក់ថា ប្រជាពលរដ្ឋមានក្តីរីករាយចំពោះការអភិវឌ្ឍថ្មីៗក្នុងខេត្ត និងប្តេជ្ញាចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីរក្សាសមិទ្ធផលទាំងនេះទុកជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ។
អាជ្ញាធរខេត្តបានឱ្យដឹងថា យុទ្ធនាការ «ភូមិស្អាត» នឹងបន្តអនុវត្តនៅទូទាំងខេត្ត ដោយណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជំរុញប្រជាពលរដ្ឋសម្អាតបរិស្ថាន កាប់សម្អាតព្រៃតាមដងផ្លូវ និងថែរក្សាអនាម័យនៅមុខលំនៅឋាន។ ចំពោះម្ចាស់ផ្ទះ ឬបុគ្គលដែលមិនចូលរួមអនុវត្ត អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ រួមទាំងការផាកពិន័យ ដើម្បីធានាបាននូវបរិស្ថានស្អាត សុខភាពល្អ និងទីក្រុងប្រកបដោយសោភ័ណភាព៕
ដោយ : កុល សារ័ត្ន

















