ជម្លោះដីធ្លីរ៉ាំរ៉ៃជាង ២០ឆ្នាំ៖ ប្រជាពលរដ្ឋជាង ១៣០គ្រួសារ នៅខេត្តកណ្ដាល បន្តស្វែងរកយុត្តិធម៌
ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋជាង ១៣០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែបន្តអំពាវនាវដល់រាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ឲ្យជួយពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍ ជាមួយក្រុមហ៊ុន OCIC។
ពួកគេអះអាងថា រហូតមកដល់បច្ចុប្បន្ន មិនទាន់ទទួលបានដំណោះស្រាយដែលពេញចិត្តនៅឡើយ ខណៈអាជ្ញាធរខេត្តកណ្ដាលបញ្ជាក់ថា សំណុំរឿងនេះត្រូវបានដោះស្រាយរួចរាល់ និងបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់រួចហើយ។
តាមគម្រោង ប្រជាពលរដ្ឋគ្រោងរៀបចំសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅភោជនីយដ្ឋានទន្លេបាសាក់ ក្បាលថ្នល់ ដើម្បីបង្ហាញពីបញ្ហាវិវាទដីធ្លីរបស់ពួកគេ ប៉ុន្តែសន្និសីទនេះត្រូវបានលុបចោលនៅនាទីចុងក្រោយ។
មុនមួយថ្ងៃនៃការគ្រោងធ្វើសន្និសីទ រដ្ឋបាលខេត្តកណ្ដាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ដីនៅតំបន់ភូមិសាស្ត្រជាច្រើនក្នុងស្រុកកណ្ដាលស្ទឹង ត្រូវបានដោះស្រាយរួចរាល់ និងមានម្ចាស់កម្មសិទ្ធិស្របច្បាប់ ដោយផ្អែកលើសាលដីការបស់តុលាការកំពូល និងឯកសារពាក់ព័ន្ធពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រដ្ឋបាលខេត្តក៏បានបញ្ជាក់ថា ការរៀបចំសន្និសីទសារព័ត៌មាន ឬការប្រមូលផ្តុំតវ៉ា អាចបង្កការភ័ន្តច្រឡំដល់សាធារណជន ប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងសណ្តាប់ធ្នាប់សាធារណៈ។
យ៉ាងណាមិញ លោក បាន សុផល តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ បានអះអាងថា លោកក៏ជាជនរងគ្រោះម្នាក់ក្នុងវិវាទនេះ និងបានបង្ហាញឯកសារជាច្រើន បញ្ជាក់ថា ជម្លោះដីធ្លីបានកើតមានតាំងពីឆ្នាំ២០០៥។ លោកបានចាត់ទុកថា សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត មានភាពមិនត្រឹមត្រូវទាំងអង្គហេតុ និងអង្គច្បាប់ ហើយគ្រោងនឹងបង្ហាញភស្តុតាងជូនសារព័ត៌មាន។
លោកក៏បានអំពាវនាវឲ្យអាជ្ញាធរ គោរពសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងអនុញ្ញាតឲ្យមានការស្វែងរកយុត្តិធម៌ដោយសន្តិវិធី ដោយលើកឡើងថា ប្រសិនបើភាគីណាមួយមានបណ្ណកម្មសិទ្ធិស្របច្បាប់ពិតប្រាកដ ក៏មិនគួរមានការព្រួយបារម្ភចំពោះការតវ៉ានោះទេ។
ជាមួយគ្នានេះ លោក កែម គា តំណាងប្រជាពលរដ្ឋ ១៣០គ្រួសារ បានច្រានចោលការអះអាងរបស់រដ្ឋបាលខេត្ត ដោយលើកឡើងថា បណ្ណកម្មសិទ្ធិដែលអាជ្ញាធរយោង ត្រូវបានតុលាការកំពូលលុបចោលរួចហើយ ដោយសារមានភាពមិនប្រក្រតីក្នុងការចេញឯកសារ។
យោងតាមរបាយការណ៍ឆ្នាំ២០២៦ របស់អង្គការការពារសិទ្ធិមនុស្ស ADHOC បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាមានករណីជម្លោះដីធ្លីថ្មីចំនួន ៤៥ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥,៥០០គ្រួសារ ស្មើប្រហែល ១៥,០០០នាក់ លើផ្ទៃដីប្រមាណ ១១៥,០០០ហិកតា។ ក្នុងនោះ ៤២% ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និង ២០% ពាក់ព័ន្ធនឹងក្រុមហ៊ុន និងអ្នកមានទ្រព្យសម្បត្តិ។
ទោះបីជាការតវ៉ាត្រូវបានលុបចោលក្តី តំណាងប្រជាពលរដ្ឋនៅតែបន្តសង្ឃឹមថា រាជរដ្ឋាភិបាល និងស្ថាប័នតុលាការ នឹងពន្លឿនការស្វែងរកដំណោះស្រាយយុត្តិធម៌ ចំពោះវិវាទដីធ្លីដែលអូសបន្លាយជាង ២០ឆ្នាំមកហើយ។









