ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅវិទ្យាល័យស្ទឹងត្រែង ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងតម្លាភាព
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង៖ ៦ កក្កដា ២០២៦ នៅមណ្ឌលវិទ្យាល័យស្ទឹងត្រែង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ សុវត្ថិភាព តម្លាភាព និងភាពទទួលខុសត្រូវខ្ពស់ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បេក្ខជន ដែលបានចូលរួមប្រឡង មានចំនួន ១៣២ នាក់ ស្រី ចំនួន ៦២ នាក់ ។
លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង ជាគណៈអធិបតីបានចូលរួម ត្រួតពិនិត្យ មណ្ឌលប្រឡង និង កាត់ប្រអប់វិញ្ញាសារ និង លោក ចៅ សង្កាត់ ស្រះប្ញស្សី ព្រមទាំង លោកគ្រូ អ្នកគ្រូ ដែលអនុរក្ស ជាច្រើន រូបទៀត ។
តាំងពីព្រឹកព្រលឹម បេក្ខជនបានអញ្ជើញមកដល់មណ្ឌលប្រឡងដោយទាន់ពេលវេលា និងបានឆ្លងកាត់ការត្រួតពិនិត្យឯកសារ អត្តសញ្ញាណ និងសម្ភារតាមនីតិវិធី មុនចូលបន្ទប់ប្រឡង។ គណៈមេប្រយោគ គណៈកម្មការ អនុរក្ស និងមន្ត្រីពាក់ព័ន្ធ បានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ សហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងមានប្រសិទ្ធភាព។
បរិយាកាសនៅក្នុងមណ្ឌលប្រឡងមានភាពស្ងប់ស្ងាត់ និងរៀបរយ។ បេក្ខជនទាំងអស់បានគោរពបទបញ្ជាផ្ទៃក្នុង និងខិតខំប្រឹងប្រែងបំពេញវិញ្ញាសាទៅតាមចំណេះដឹង និងសមត្ថភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ មាតាបិតា អាណាព្យាបាល និងសាធារណជន បានចូលរួមសហការរក្សាសណ្តាប់ធ្នាប់នៅខាងក្រៅមណ្ឌលប្រឡង ដោយគោរពតាមការណែនាំរបស់គណៈកម្មការមណ្ឌល។
ការរៀបចំមណ្ឌលប្រឡងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ ដោយមានការរៀបចំបន្ទប់ប្រឡង សម្ភារៈ និងកម្លាំងគាំទ្រផ្សេងៗ ប្រកបដោយភាពរួចរាល់។ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ បានសហការគ្នាយ៉ាងល្អក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនបេក្ខជនពេញមួយដំណើរការប្រឡង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ គឺជាការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស បន្ទាប់ពីបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ និងជាមូលដ្ឋានសម្រាប់ការបន្តការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ។ ជាមួយនឹងការចូលរួមប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ការប្រឡងនៅមណ្ឌលវិទ្យាល័យស្ទឹងត្រែងបានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមគោលការណ៍ «ចេះ គឺជាប់» ដែលផ្តោតលើគុណភាព យុត្តិធម៌ តម្លាភាព និងភាពស្មោះត្រង់ក្នុងការវាយតម្លៃលទ្ធផលសិក្សារបស់បេក្ខជន។
អត្ថបទ កុល សារត្ន័ សហការី រស្មីញូស៍ប្រចាំ ខេត្តស្ទឹងត្រែង។










