លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ និងរំលឹកគុណគ្រូចាស់ព្រឹទ្ធាចារ្យ របស់ក្លឹបគូរុការ៉ាតេដូ

 លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ និងរំលឹកគុណគ្រូចាស់ព្រឹទ្ធាចារ្យ របស់ក្លឹបគូរុការ៉ាតេដូ


ភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកម្មវិធីពាក់ដំឡើងខ្សែក្រវាត់ ចែកវិញ្ញាបនបត្រ និងពិធីរំលឹកដឹងគុណគ្រូចាស់ព្រឹទ្ធាចារ្យ (ជំនាន់ទី១៧) ព្រមទាំងកម្មវិធីអប់រំផ្សេងៗ ដែលរៀបចំឡើងដោយក្លឹប គូរុ ការ៉ាតេដូ ភូមិតាគខាងលិច (KARATE-DO WEST CAMPUS-GURU)។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកកន្ទ្រកអនុស្សាវរីយ៍ ថវិកា និងភេសជ្ជៈ ប្រគល់ជូនលោកគ្រូឧត្តមការ៉ាតេចារ្យ ជា ណារ៉ា កម្រិតខ្សែក្រវាត់ខ្មៅ ៩ដាន់ ដែលធ្លាប់ជាគ្រូបង្ហាត់វិជ្ជាការ៉ាតេដល់លោកកាលពីប្រមាណ ៤០ឆ្នាំមុន។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានប្រគល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងព្រឹទ្ធាចារ្យដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ដើម្បីសម្តែងនូវការគោរព និងដឹងគុណចំពោះការលះបង់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យកីឡាការ៉ាតេដូនៅកម្ពុជាផងដែរ។


កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយការគោរព ដឹងគុណ និងលើកតម្កើងតម្លៃគ្រូបង្រៀន ស្របតាមទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ខ្មែរ និងស្មារតីកីឡាការ៉ាតេដូ៕