អាវុធហត្ថរាជធានីភ្នំពេញ សម្របសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាមរយៈលេខបន្ទាន់ ១២៩១ បានចំនួន ៩០១ករណី ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦
ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលសេចក្តីរាយការណ៍ និងបណ្តឹងពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ និងបានចុះសម្របសម្រួល ដោះស្រាយ និងអន្តរាគមន៍ជូនប្រជាពលរដ្ឋបានសរុបចំនួន ៩០១ករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លេខ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបង្កើតឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងទទួលបានការអនុញ្ញាតឱ្យដាក់ដំណើរការពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លេខទូរស័ព្ទបន្ទាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋអាចទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ បទល្មើសគ្រប់ប្រភេទ ឬរាយការណ៍ពីបញ្ហាដែលកើតមានក្នុងជីវភាពប្រចាំថ្ងៃ និងត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសមត្ថកិច្ច។
ជាក់ស្តែង ក្នុងរយៈពេលកន្លងមក បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងបណ្តឹងតាមរយៈលេខ ១២៩១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ និងជួយសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់ និងភាពកក់ក្តៅ។
ក្នុងចំណោមករណីចំនួន ៩០១ករណី ដែលបានទទួល និងដោះស្រាយក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ មានដូចជា៖ ករណីហិង្សា ករណីអ្នកប្រើប្រាស់គ្រឿងញៀនបង្កការអុកឡុកក្នុងគ្រួសារ ករណីក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ការចាក់ធុងបាសរំខានអ្នកជិតខាងនៅពេលយប់ ទំនាស់អ្នកជិតខាង ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ករណីដេញកាប់ប្លន់យកម៉ូតូ ករណីលួច ឆក់ និងករណីផ្សេងៗជាច្រើនទៀត ដែលជាកង្វល់ និងតម្រូវឱ្យមានការជួយអន្តរាគមន៍ជាបន្ទាន់ពីសមត្ថកិច្ច។
អាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ប្រសិនបើជួបប្រទះហេតុការណ៍បន្ទាន់ ឬមានបញ្ហាដែលត្រូវការការអន្តរាគមន៍ពីកងរាជអាវុធហត្ថ សូមទំនាក់ទំនងតាមលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬតាមបណ្តាញ Telegram, WhatsApp និង CoolApp តាមលេខ 031 5555 669។
ប្រជាពលរដ្ឋក៏អាចផ្ញើសារតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះ Phnom Penh Gendarmerie ផងដែរ។
ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើប្រាស់លេខទូរស័ព្ទបន្ទាន់ ១២៩១ តែក្នុងករណីមានហេតុការណ៍ ឬបញ្ហាជាក់ស្តែងដែលត្រូវការការអន្តរាគមន៍បន្ទាន់ ដើម្បីទុកពេលវេលា និងធនធានរបស់ក្រុមការងារ សម្រាប់បម្រើប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងត្រូវការជំនួយជាបន្ទាន់ពិតប្រាកដ៕








