អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះស្តារសំរាមចេញពីប្រឡាយទឹក ដើម្បីសម្រួលចរន្តទឹក និងបញ្ចៀសការជន់លិចដោយទឹកភ្លៀង

 អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះស្តារសំរាមចេញពីប្រឡាយទឹក ដើម្បីសម្រួលចរន្តទឹក និងបញ្ចៀសការជន់លិចដោយទឹកភ្លៀង


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានដឹកនាំក្រុមការងារ ចុះអនុវត្តការងារកាយស្តារ និងសម្អាតសំរាមចេញពីប្រឡាយទឹកអមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ការចុះសម្អាត និងស្តារប្រឡាយទឹកនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលចរន្តទឹកឱ្យហូរបានល្អ និងបញ្ចៀសការកកស្ទះដែលអាចបង្កឱ្យមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។


ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ព្រោះសំរាមអាចត្រូវខ្យល់បក់ ឬហូរធ្លាក់ចូលក្នុងប្រឡាយទឹក បង្កឱ្យស្ទះចរន្តទឹក និងអាចនាំឱ្យកើតមានការជន់លិចក្នុងមូលដ្ឋាន។


អាជ្ញាធរបានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាអនាម័យ និងបរិស្ថាន ជាពិសេសការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការជន់លិច និងធានាបាននូវសណ្តាប់ធ្នាប់ និងសោភ័ណភាពក្នុងមូលដ្ឋាន៕