លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ រួមជាមួយសប្បុរសជនជនជាតិឥណ្ឌូនេស៊ី ចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរា និងជនពិការ ៥០០គ្រួសារ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ៥រោច ខែទុតិយាសាឍ ព.ស.២៥៧០ លោក សុខ វុទ្ធី និងភរិយា លោកស្រី តាំង សុខមុំ រួមជាមួយសប្បុរសជនជនជាតិឥណ្ឌូនេស៊ី បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចាស់ជរា ជនពិការ និងអ្នកបាត់បង់កម្លាំងពលកម្មចំនួន ៥០០គ្រួសារ មកពីភូមិ-សង្កាត់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋានរបស់លោក សុខ វុទ្ធី។
លោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដែលជាអាជីវករ និងជាម្ចាស់ហាង SM Zona បានលើកឡើងថា ការចែករំលែកនេះកើតចេញពីទឹកចិត្តសប្បុរស និងក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាព ជាពិសេសចាស់ជរា និងជនពិការ។ លោកបានគៀងគរសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រមូលជាអំណោយយកមកចែកជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក៏ដូចជាតំបន់ជនបទដាច់ស្រយាលមួយចំនួនទៀតនៅកម្ពុជា។
លោកបានបញ្ជាក់ថា ទោះបីអំណោយមានតម្លៃមិនច្រើនក៏ដោយ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ និងសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ហើយលោក និងក្រុមគ្រួសារនឹងបន្តសកម្មភាពសប្បុរសធម៌បែបនេះជាបន្តបន្ទាប់។
ក្រៅពីការចែកអំណោយ លោក សុខ វុទ្ធី និងក្រុមគ្រួសារ ក៏បានចូលរួមគាំទ្រវិស័យអប់រំ តាមរយៈការជួយកសាងសាលារៀន និងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល។
លោកក៏បានបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ទាំងនេះ មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយណាមួយឡើយ ប៉ុន្តែធ្វើឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍សង្គមតែប៉ុណ្ណោះ។
អំណោយដែលប្រជាពលរដ្ឋម្នាក់ៗទទួលបាន រួមមាន អង្ករ ១០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេសតូច, ត្រីខ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។
នៅចុងបញ្ចប់នៃកម្មវិធី ប្រជាពលរដ្ឋទាំង ៥០០គ្រួសារ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ វុទ្ធី លោកស្រី តាំង សុខមុំ ក្រុមគ្រួសារ និងសប្បុរសជនជនជាតិឥណ្ឌូនេស៊ី ព្រមទាំងបានប្រសិទ្ធពរជ័យ សូមឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានសេចក្តីសុខចម្រើនគ្រប់ប្រការ៕








