សាលាឯកជន «គ្រូយើង» សាខាខេត្តស្ទឹងត្រែង រៀបចំការប្រឡងឌីប្លូមឆ្នាំ២០២៦ ប្រកបដោយតម្លាភាព និងស្តង់ដារអប់រំ
ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ សាលាឯកជន «គ្រូយើង» សាខាខេត្តស្ទឹងត្រែង បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡងឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៦នាក់ ស្រី១៦នាក់។ ដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយរបៀបរៀបរយ សុវត្ថិភាព តម្លាភាព និងស្របតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះ លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង រួមជាមួយលោក អួង ទ្រី តំណាងការិយាល័យអប់រំក្រុងស្ទឹងត្រែង លោក សាន ចន្ទ្រា ប្រធានការិយាល័យអប់រំមធ្យម លោក ឈៀង ញ៉េន អនុប្រធានការិយាល័យអប់រំមធ្យម និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងតាមដានដំណើរការប្រឡង ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយត្រឹមត្រូវ មានប្រសិទ្ធភាព និងគោរពតាមស្តង់ដារអប់រំ។
មុនពេលចាប់ផ្តើមការប្រឡង គណៈកម្មការមណ្ឌលប្រឡង ដឹកនាំដោយលោកស្រី ហង់ វណ្ណណាត ប្រធានមណ្ឌល និងលោក សោម ស៊ីណា ប្រធានមណ្ឌលប្រឡង បានរៀបចំការផ្ទៀងផ្ទាត់អត្តសញ្ញាណបេក្ខជន ណែនាំពីបទបញ្ជាប្រឡង និងត្រួតពិនិត្យសម្ភារៈតាមនីតិវិធី ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងគ្មានភាពមិនប្រក្រតី។
បរិយាកាសប្រឡងមានភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយ ដោយទទួលបានកិច្ចសហការយ៉ាងល្អពីគណៈកម្មការ អនុរក្ស បុគ្គលិកអប់រំ និងបេក្ខជនទាំងអស់។ បេក្ខជនបានគោរពបទបញ្ជាប្រឡងយ៉ាងម៉ឺងម៉ាត់ បង្ហាញពីស្មារតីទទួលខុសត្រូវ និងភាពស្មោះត្រង់ក្នុងការប្រឡង។
លោក អួន សំអេន អនុប្រធានមណ្ឌលប្រឡង «គ្រូយើង» សាខាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា សាលាតែងតែផ្តោតសំខាន់លើការលើកកម្ពស់គុណភាពអប់រំ និងការរៀបចំការប្រឡងឱ្យស្របតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបញ្ជាក់ថា ការប្រឡងនេះមិនត្រឹមតែជាការវាស់វែងសមត្ថភាពសិស្សប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាពជូនសិស្សានុសិស្ស និងមាតាបិតាផងដែរ។
សូមបញ្ជាក់ថា សាលាឯកជន «គ្រូយើង» សាខាខេត្តស្ទឹងត្រែង គឺជាស្ថាប័នអប់រំឯកជនមួយ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ ដោយផ្តោតលើការបណ្តុះបណ្តាលសិស្សឱ្យមានចំណេះដឹង សមត្ថភាព វិន័យ និងសីលធម៌ ដើម្បីត្រៀមខ្លួនបន្តការសិក្សានៅកម្រិតខ្ពស់ និងក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។
អត្ថបទ៖ កុល សារត្ន័ សហការី MRR News ប្រចាំខេត្តស្ទឹងត្រែង










