អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបរថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង កែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបរថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង កែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស

 អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបរថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង កែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស


ភ្នំពេញ៖
ចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានចុះបង្ក្រាប និងឃាត់យានយន្តចំនួន ០៩គ្រឿង រួមមានរថយន្ត ០១គ្រឿង និងម៉ូតូ ០៨គ្រឿង ដែលពាក់ព័ន្ធនឹងការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងបើកបរល្បឿនលឿនក្នុងទីប្រជុំជន បង្កការរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តនៅតាមទីតាំងនានា ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ និងខណ្ឌទួលគោក ដោយកម្លាំងអាវុធហត្ថបានឃាត់ម្ចាស់យានយន្តដែលប្រព្រឹត្តល្មើស ដើម្បីធ្វើការព្រមាន អប់រំ និងណែនាំឱ្យបញ្ឈប់សកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងការបើកបរដែលអាចបង្កគ្រោះថ្នាក់ ឬរំខានដល់ប្រជាពលរដ្ឋ។

ក្នុងចំណោមយានយន្តដែលត្រូវបានឃាត់ មានរថយន្តម៉ាក BMW M4 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ចំនួន ០១គ្រឿង ពុំមានពាក់ផ្លាកលេខ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខាន និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ។

បន្ទាប់ពីធ្វើការព្រមាន អប់រំ និងណែនាំរួច កម្លាំងអាវុធហត្ថតាមបណ្តាខណ្ឌ បានឱ្យម្ចាស់យានយន្តទាំងអស់ធ្វើកិច្ចសន្យា និងបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានដល់សាធារណជនតទៅទៀត។

ជាមួយគ្នានេះ ម៉ូតូ និងរថយន្តខាងលើ ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបន្តអំពាវនាវដល់អ្នកប្រើប្រាស់យានយន្តទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ និងជៀសវាងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសការកែច្នៃបំពង់ស៊ីម៉ាំងដែលបង្កសំឡេងរំខាន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមរក្សាសុវត្ថិភាព និងបរិយាកាសល្អសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕







Post a Comment (0)
Previous Post Next Post