ខេត្តស្ទឹងត្រែង៖ ក្រសួងទេសចរណ៍បើកព្រឹត្តិការណ៍ «រដូវកាលបៃតង» ឆ្នាំ២០២៦ ផ្សព្វផ្សាយសក្ដានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ខេត្តស្ទឹងត្រែង៖ ក្រសួងទេសចរណ៍បើកព្រឹត្តិការណ៍ «រដូវកាលបៃតង» ឆ្នាំ២០២៦ ផ្សព្វផ្សាយសក្ដានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន

 ខេត្តស្ទឹងត្រែង៖ ក្រសួងទេសចរណ៍បើកព្រឹត្តិការណ៍ «រដូវកាលបៃតង» ឆ្នាំ២០២៦ ផ្សព្វផ្សាយសក្ដានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន


ខេត្តស្ទឹងត្រែង ៖ ក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «រដូវកាលបៃតង» ឆ្នាំ២០២៦ ក្រោមប្រធានបទ «សក្ដានុពលអេកូទេសចរណ៍ នៅតំបន់ភូមិភាគឦសាន» នៅខេត្តស្ទឹងត្រែង ដើម្បីផ្សព្វផ្សាយពីសក្ដានុពលធម្មជាតិ វប្បធម៌ ផលិតផលក្នុងស្រុក និងទេសចរណ៍សហគមន៍ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។


ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អាជីវករ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មកពីបណ្តាខេត្តក្នុងតំបន់ភូមិភាគឦសាន។


មានប្រសាសន៍ក្នុងឱកាសព្រឹត្តិការណ៍នេះ ឯកឧត្តម មហាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ «រដូវកាលបៃតង» មានគោលបំណងសំខាន់ក្នុងការបង្ហាញពីភាពស្រស់ស្អាត និងភាពសម្បូរបែបនៃធម្មជាតិ ព្រមទាំងតំបន់ទេសចរណ៍នានានៅតំបន់ភូមិភាគឦសាន ដើម្បីឱ្យភ្ញៀវទេសចរទាំងក្នុងប្រទេស និងអន្តរជាតិបានស្គាល់ និងចាប់អារម្មណ៍កាន់តែច្រើន។


ឯកឧត្តមបានបន្តថា ខេត្តស្ទឹងត្រែងមានសក្ដានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ដោយមានព្រៃឈើ ទន្លេ អូរ ជ្រោះ កោះ ទឹកជ្រោះ តំបន់អភិរក្សជីវចម្រុះ និងតំបន់ទេសចរណ៍សហគមន៍ជាច្រើន។ ធនធានទាំងនេះអាចក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា សម្រាកកម្សាន្ត និងសិក្សាស្វែងយល់ពីធម្មជាតិ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


ជាមួយគ្នានេះ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ផលិតផលទេសចរណ៍នៅតំបន់ភូមិភាគឦសាន គឺជាមរតកដ៏មានតម្លៃ ដែលត្រូវការការចូលរួមពីស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការថែរក្សា និងអភិវឌ្ឍប្រកបដោយចីរភាព។


លោកបានបន្ថែមថា សក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌ មិនត្រឹមតែជាធនធានសម្រាប់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសហគមន៍ ការបង្កើតការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។


ក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍ «រដូវកាលបៃតង» ឆ្នាំ២០២៦ ក៏មានការរៀបចំស្តង់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលដែលកែច្នៃដោយស្នាដៃប្រជាពលរដ្ឋ និងអាជីវករមូលដ្ឋាន ដើម្បីបង្ហាញពីភាពប៉ិនប្រសប់ និងសមត្ថភាពផលិតរបស់ប្រជាជនកម្ពុជា។


ផលិតផលដែលដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ មានប្រភពមកពីបណ្តាខេត្តក្នុងតំបន់ភូមិភាគឦសាន រួមមាន រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលជាឱកាសសម្រាប់ភ្ញៀវទេសចរ និងសាធារណជនបានស្គាល់កាន់តែច្បាស់ពីផលិតផលក្នុងស្រុក និងអត្តសញ្ញាណរបស់តំបន់នីមួយៗ។


ដោយឡែក កញ្ញា ធីតា រ៉ាវី អ្នកលក់ផលិតផលតាមស្តង់ បានបង្ហាញក្តីរំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ភ្ញៀវទេសចរ និងសាធារណជនបានស្គាល់កាន់តែច្បាស់ពីសក្ដានុពលទេសចរណ៍ និងផលិតផលក្នុងស្រុកដ៏សម្បូរបែបនៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តស្ទឹងត្រែង ដែលមានធនធានធម្មជាតិដ៏ស្រស់ស្អាត និងមានសក្តានុពលខ្ពស់សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍។


កញ្ញាបានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍បែបនេះ ក៏ជួយផ្តល់ឱកាសដល់អាជីវករ និងអ្នកផលិតក្នុងមូលដ្ឋានបានផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់អ្នកទេសចរ និងសាធារណជន ព្រមទាំងជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ «រដូវកាលបៃតង» មិនមែនផ្តោតតែលើការធ្វើដំណើរកម្សាន្ត និងការទស្សនាតំបន់ធម្មជាតិនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការចូលរួមថែរក្សាមរតកធម្មជាតិរបស់កម្ពុជា។


តាមរយៈការផ្សព្វផ្សាយសក្ដានុពលអេកូទេសចរណ៍ និងការចូលរួមពីសហគមន៍មូលដ្ឋាន ព្រឹត្តិការណ៍នេះរំពឹងថានឹងរួមចំណែកបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកស្គាល់ និងទស្សនាតំបន់ភូមិភាគឦសានកាន់តែច្រើន ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។
អត្ថបទ៖ កុល សារត្ន័

សហការី រស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង















Post a Comment (0)
Previous Post Next Post