អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ឃាត់ខ្លួនបាន ៥នាក់ និងដកហូតម៉ូតូ ២គ្រឿង
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈ ដោយឃាត់ខ្លួនបានចំនួន ៥នាក់ និងដកហូតម៉ូតូចំនួន ២គ្រឿង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញបាននាំក្រុមក្មេងទំនើងទាំង ៥នាក់ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់រាល់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ព្រមទាំងអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម។
ជាមួយគ្នានេះ ម៉ូតូចំនួន ២គ្រឿង ត្រូវបានដកហូត និងយកទៅរក្សាទុករយៈពេល ៣ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញវិធានការតឹងរឹងចំពោះក្រុមក្មេងទំនើង ដោយត្រូវអនុវត្តទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ជាពិសេសចំពោះករណីបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ។
តាមវិធានការដែលបានដាក់ចេញ ចំពោះការប្រព្រឹត្តលើកទី១ ម៉ូតូត្រូវបានឃាត់ទុករយៈពេល ៣ខែ ខណៈប្រសិនបើជនប្រព្រឹត្តមិនរាងចាល និងបន្តប្រព្រឹត្តជាលើកទី២ ម៉ូតូនឹងត្រូវឃាត់ទុករយៈពេល ៦ខែ។
អាជ្ញាធរមានសមត្ថកិច្ចអំពាវនាវដល់យុវជន និងក្រុមក្មេងទំនើងទាំងអស់ ឱ្យបញ្ឈប់សកម្មភាពដែលបង្កការរំខាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕








