គ្រូបង្គោលមកពីចំនួន៥ខេត្តក្នុងតំបន់៥ នាំគ្នាធ្វើទស្សនកិច្ចសិក្សា ពីគន្លឹះលើវិស័យអប់រំ
ខេត្តស្ទឹងត្រែង-គ្រូបង្រៀនជាជនបង្គោលចំនួន១១៣នាក់ មកពីចំនួន៥ខេត្ត ធ្វើដំណើរមកទស្សនកិច្ចសិក្សា នៅសាលាបឋមសិក្សាចំនួន៣នៅខេត្តស្ទឹងត្រែង ដើម្បីដកស្រង់បទពិសោធន៍ល្អៗលើគន្លឹះវិស័យអប់រំយកទៅអនុវត្តនៅឯមូលដ្ឋានរៀងៗខ្លួន ។ ក្នុងដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ របស់ក្រុមគណៈកម្មធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហៅកាត់ថា គ.វ.អ នៅតាមសាលាគោលដៅក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ដល់២២សីហា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ យូរ៉ាណាត ប្រធានគ.វ.អ តំបន់៥មានប្រសាសន៍ថា៖ លោកគ្រូអ្នកគ្រូ១១៣នាក់ មកពី ខេត្តកំពុងចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី បានមកឈ្វេងយល់ពីការហ្វឹកហាត់រៀន និងបង្រៀននៅតាមសាលាគោលដៅដើម្បីដកស្រង់យកចំណុចល្អៗ ធ្វើជាគំរូសម្រាប់យកទៅអនុវត្ត ។
ឯកឧត្តមមានប្រសាសន៍ទៀតថា នៅតាមសាលារៀននីមួយៗ អនុវត្តទៅបានល្អច្រើនមែន ក៏ប៉ុន្តែវាមិនបានស្មើៗគ្នាជាទូទៅទេ ដូចនេះលេខាធិការដ្ឋានផ្ដួចផ្ដើម ឲ្យមានកម្មវិធីទស្សនកិច្ចនេះឡើងដើម្បីធ្វើការឆ្លុះបញ្ចាំងទៅលើការអនុវត្ត ហើយជួយផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ។
លោកជំទាវ ជា ផល្លីន គ្រូបង្គោលគ.វ.អ ប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា គ្រប់ប្រតិភូមកធ្វើ
ទស្សនកិច្ចបានឈ្វេងយល់ពីគន្លឺះល្អៗហើយតាមរយៈការធ្វើបទបង្ហាញពិនិត្យឃើញមានភាពអវិជ្ជមានណាមួយមិនប្រក្រតី យើងជួយកែសម្រួលគ្នាឡើងវិញ ។
លោកជំទាវបន្តថា មានចំណុចអវិជ្ជមានខ្លះ ដោយសារតែសហគម ឬមាតាបីតា អាណាព្យាបាល ពួកគាត់នៅមិនទាន់មានឆន្ទៈក្នុងការជួយជំរុញកូនឱ្យមករៀន ឬជួយបង្រៀនកូននៅផ្ទះទេ អីចឹងគណៈគ្រប់គ្រងសាលាក៏ដូចខ្ញុំជាគ្រូបង្គោល តែងតែរិះរកគំនិតផ្ដួចផ្ដើម ដើម្បីធ្វើយ៉ាងណាឲ្យគណៈគ្រប់គ្រងសាលា យើងហ៊ានហើយយើងមានទំនាក់ទំនងល្អ នោះវានិងអាចទទួលបានផល ទោះបីតិចឬច្រើន។
លោកស្រីហង្ស សុឃាម គ្រូបង្រៀនថ្នាក់ទី៦<ខ> សាលាបឋមសិក្សាអនុវត្តន៍ស្ទឹងត្រែង បានបញ្ជាក់ថា មើលឃើញចំណុចនេះ លោកគ្រូអ្នកគ្រូបានបង្កើតក្លឹបរៀននៅសាលា ដើម្បីឱ្យសិស្ស យកចិត្តទុកដាក់ក្នុងការរៀននិងឱ្យអ្នករៀនពូកែ ជួយមិត្តភក្តិគាត់បាន (សំឡេង)ធ្វើកម្មវិធីនេះគឺដើម្បីឲ្យមិត្តភក្តិជួយមិត្តភក្កិសិស្សខ្លាំង ជួយសិស្សខ្សោយ ហើយក្នុងក្រុមហ្នឹងគឺមានចម្រុះ មានខ្លាំងមានខ្សោយនិងមានមធ្យម ពួកគាត់អាចជួយគ្នាបាន ក្នុងពេលដែលយើងដាក់គាត់ចូលជាក្លឹបនិងចូលជាក្រុម។
លោកស្រី ម៉ែន រ៉ានី គ្រូបបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍បាចុងបានចាត់ទុកថា យន្តការនេះបានបង្ហាញពីស្មារតីយកចិត្តទុកដាក់ចំពោះការបំផុសគំនិតឱ្យចេះជួយគ្នាបានត្រូវតាមនិយាម និងវិធានការគ្រឹះក្នុងវិស័យអប់រំ ព្រោះភាពជោគជ័យអាចកាត់ផ្តាច់ពីគ្នាបាន និងការចូលរួមពីសហគមន៍បានទេ។
សូមបញ្ជាក់ថា៖វិធានការគ្រឹះក្នុងវិស័យអប់រំ មាន៤ចំណុច ដូចជាការពង្រឹងអភិបាលកិច្ចសាលារៀន ការពង្រឹងចំណេះដឹងវិន័យសីលធ៌មឥរិយាបទ និងការបង្រៀនថែមម៉ោង ការយកចិត្តទុកដាក់លើសុខភាពសិស្ស និងការជំរុញលើកទឹកចិត្តការចូលរួម របស់សហគមន៍ដើម្បីការអប់រំ ។
ដោយ ÷ កុល សារត្ន័ ស្ទឹងត្រែង ថ្ងៃទី ២៣ សីហា ២០២៦



















