លោកបណ្ឌិត ម៉េង សុភណ្ឌ័ ដឹកនាំពិធីបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសោប សម្រាប់ត្រៀមឈរឈ្មោះអាណត្តិទី៦ ឆ្នាំ២០២៧
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តសោបលើ ស្ថិតក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសោប សម្រាប់ត្រៀមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ពិធីនេះមានលោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានគណៈពង្រឹងឃុំសោប និងលោក ទ្រី សុភក្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាគណៈអធិបតី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកា និងអង្គបោះឆ្នោតទូទាំងឃុំសោប។
តាមការបញ្ជាក់ ក្នុងឃុំសោបមានសមាជិក សមាជិកា សរុបចំនួន ៤,៧៤៧នាក់ ក្នុងនោះស្ត្រីចំនួន ២,៤៧២នាក់ ស្ថិតក្នុង ២,០៨៥គ្រួសារ និងមានក្រុមបក្សចំនួន ៧១៨ក្រុម។
សម្រាប់ការស្ទាបស្ទង់មតិនេះ មានបេក្ខជនឈរឈ្មោះសរុបចំនួន ១៧រូប។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉េង សុភណ្ឌ័ បានថ្លែងស្វាគមន៍ និងអំណរគុណចំពោះសមាជិក សមាជិកា ព្រមទាំងអង្គបោះឆ្នោតទាំងអស់ ដែលបានចូលរួមក្នុងដំណើរការស្ទាបស្ទង់មតិ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួម និងការអនុវត្តតាមនីតិវិធីដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការប្រព្រឹត្តទៅដោយមានរបៀបរៀបរយ និងទទួលបានលទ្ធផលដែលអាចជឿទុកចិត្តបាន។
លោកបណ្ឌិតបានលើកឡើងថា ការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិនេះ មានគោលបំណងផ្តល់ឱកាសដល់អង្គបោះឆ្នោត ចូលរួមក្នុងការជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ ដែលមានសមត្ថភាព សីលធម៌ ការទទួលខុសត្រូវ ព្រមទាំងទទួលបានការគោរព និងជឿទុកចិត្តពីសមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកបានស្នើឱ្យដំណើរការស្ទាបស្ទង់មតិប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ តម្លាភាព ស្មោះត្រង់ មិនលំអៀង និងមិនបក្សពួកនិយម ដើម្បីឱ្យលទ្ធផលអាចឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់អង្គបោះឆ្នោត និងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំបេក្ខជន ត្រៀមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
លោកបណ្ឌិត ម៉េង សុភណ្ឌ័ ក៏បានណែនាំដល់បេក្ខជនទាំងអស់ ឱ្យបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ពង្រឹងការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន យកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។
ពិធីបោះឆ្នោតស្ទាបស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការចូលរួម និងរៀបចំធនធានមនុស្សសម្រាប់ការងាររដ្ឋបាលមូលដ្ឋាន ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧៕N7






















