ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយ និងថវិកាឧបត្ថម្ភដល់សមាជិក ២រូប
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារ នាំយកអំណោយ និងថវិកា ដើម្បីចូលរួមសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាជិកចំនួន ២រូប ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពគ្រួសារ និងបញ្ហាសុខភាព។
សមាជិកទាំង ២រូប រួមមាន៖
ទី១៖ លោកអនុសេនីយ៍ឯក គិន ភារម្យ នាយរងការិយាល័យបំពាក់ និងបរិក្ខារ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ បណ្តាលឱ្យរងរបួសត្រង់ជើង ក្នុងពេលបំពេញភារកិច្ចការងារ។
ទី២៖ លោក វង្ស ស៊ីណា ជាងជួសជុលរថយន្ត ដែលឪពុកបង្កើតរបស់លោកទើបទទួលមរណភាព។
ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពីនាយ-នាយរង នៃមន្ទីរសម្ភារៈបច្ចេកទេស ប្រគល់ជូនដល់សមាជិក និងក្រុមគ្រួសារ។
អំណោយ និងថវិកាដែលបាននាំយកទៅឧបត្ថម្ភនាពេលនេះ រួមមាន ថវិកាសរុបចំនួន ១,៤៦០,០០០រៀល និងទឹកសុទ្ធចំនួន ៨កេស ដើម្បីជាការលើកទឹកចិត្ត ចូលរួមសម្រាលការលំបាក និងបង្ហាញពីស្មារតីយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សមាជិក និងក្រុមគ្រួសារ។
សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការជួយគ្នាទៅវិញទៅមក របស់ថ្នាក់ដឹកនាំ ព្រមទាំងនាយ-នាយរង និងសមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការរួមចំណែកលើកទឹកចិត្តដល់កម្លាំងដែលកំពុងជួបការលំបាក និងបន្តបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ៕



