ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៥,០០០នាក់ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គ.វ.អ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ព្រមទាំងកម្មវិធីកាត់សក់ និងកាត់ក្រចក ជូនដល់គ្រូបង្រៀន សិស្សានុសិស្សនៅសាលារៀនគោលដៅ គ.វ.អ. និងសាលាផ្ការីក ឪពុកម្តាយ អាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ ៥,០០០នាក់។
ពិធីនេះរៀបចំឡើងដោយមានកិច្ចសហការពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស និងសហគមន៍នៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង, ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន អង្គភាព មន្ទីរ ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ជាមួយគ្នានេះ ក៏មានវត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋក្នុងសហគមន៍យ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានផ្តល់កិច្ចសហការក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជាពិសេសការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពសិស្សនៅតាមសាលារៀនគោលដៅ គ.វ.អ. ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ក្នុងកម្មវិធីនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បាននាំយកក្រុមវេជ្ជបណ្ឌិតឯកទេស និងផ្តល់សេវាពិនិត្យសុខភាពជាច្រើនផ្នែក ដូចជា ពិនិត្យភ្នែក មាត់ និងធ្មេញ បេះដូង អេកូស្ត្រី រោគស្ត្រី ជំងឺសន្លាក់ ឫសដូងបាត និងសេវាសុខភាពពាក់ព័ន្ធជាច្រើនទៀត។
ការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់មួយ ក្នុងការចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងជួយឱ្យប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ទទួលបានការថែទាំសុខភាពកាន់តែប្រសើរ។
ដោយ៖ កុល សារត្ន័
សហការី រស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង













