ឯកឧត្តម កែ គឹមយ៉ាន ផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៩៣៩គ្រួសារ នៅក្រុងប៉ោយប៉ែត

 ឯកឧត្តម កែ គឹមយ៉ាន ផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៩៣៩គ្រួសារ នៅក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន៩៣៩គ្រួសារ មកពីបណ្តាសង្កាត់នានាក្នុងក្រុងប៉ោយប៉ែត។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ក្រុមប្រឹក្សាក្រុង ចៅសង្កាត់ មេភូមិ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងពីស្ថានភាព និងផលប៉ះពាល់ដែលប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងក្រុងបានជួបប្រទះដោយសារទឹកជំនន់។

លោកបានបញ្ជាក់ថា អាជ្ញាធរក្រុង រួមជាមួយកងកម្លាំងទាំងបី បានចុះអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកពីរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សប្បុរសជន និងសប្បុរសធម៌នានា ក្នុងគោលបំណងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ឯកឧត្តមក៏បានបញ្ជាក់ថា លោកជំទាវ កែវ សួនសុភីស សុខា បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផងដែរ។

ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងការអរគុណចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះពិនិត្យ និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្រុងប៉ោយប៉ែតដោយផ្ទាល់ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានសហការគ្នាចុះជួយប្រជាពលរដ្ឋនៅគ្រប់ទិសទី ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម កែ គឹមយ៉ាន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានដោយយថាហេតុ។

ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យខិតខំស្តារជីវភាព និងកែច្នៃបង្កើតមុខរបរបន្ថែម បន្ទាប់ពីស្ថានភាពទឹកបានស្រកចុះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមិនគួររំពឹងតែទៅលើសកម្មភាពនៅច្រកព្រំដែននោះទេ ហើយគួរខិតខំប្រកបរបរផ្សេងៗ ដើម្បីធានាជីវភាពគ្រួសារ។

ជាចុងក្រោយ ឯកឧត្តម កែ គឹមយ៉ាន បានជូនពរដល់ប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៩៣៩គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ ២០គីឡូក្រាម, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ស្ករស ១គីឡូក្រាម, អំបិល ១គីឡូក្រាម, សាច់ផាត់ ១កញ្ចប់, ទឹកបរិសុទ្ធកម្ពុជា ១កេស និងទឹកក្រូច ១កេស។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ប៉ុន្តែមិនទាន់បានមកទទួលអំណោយនៅពេលនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា អាជ្ញាធរនឹងរៀបចំនាំយកអំណោយទៅប្រគល់ជូនដល់លំនៅឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីធានាថា ប្រជាពលរដ្ឋដែលរងគ្រោះនឹងទទួលបានការជួយឧបត្ថម្ភគ្រប់ៗគ្នា៕