«សៀមប៉ាង សាហ្វារី រីសត» ពិតជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់ និងទាក់ទាញ សម្រាប់បម្រើគោលដៅគម្រោង «ប្រទេសពីរ គោលដៅតែមួយ»
ខេត្តស្ទឹងត្រែង៖ ដោយទទួលបា inនគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ សួនសាក់ វ៉ាន់ វិញ្ញាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់គម្រោង «សៀមប៉ាង សាហ្វារី រីសត» នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងគោលបំណងចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិនៅខេត្តស្ទឹងត្រែង ជាពិសេស តំបន់សៀមប៉ាង ឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនថែមទៀត។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា តំបន់សៀមប៉ាងមានសក្តានុពលធម្មជាតិដ៏សម្បូរបែប ជាពិសេសជាជម្រកសត្វព្រៃកម្រនិងជិតផុតពូជជាច្រើនប្រភេទ ហើយការអភិវឌ្ឍគម្រោង «សៀមប៉ាង សាហ្វារី រីសត» តាមរយៈទម្រង់អេកូទេសចរណ៍ប្រណីត គឺជាគំរូនៃការអភិវឌ្ឍដែលអាចធ្វើឱ្យការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ដើរទន្ទឹមគ្នាបានយ៉ាងសុខដុមរមនា ព្រមទាំងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់ ដោយមិនប៉ះពាល់ដល់ធនធានធម្មជាតិ និងជម្រកសត្វព្រៃ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យប្រកបដោយចីរភាព ត្រូវបន្តពង្រឹងកិច្ចសហការរវាងវិស័យឯកជន អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាបរិស្ថានធម្មជាតិ លើកកម្ពស់ជំនាញបដិសណ្ឋារកិច្ចដល់ប្រជាពលរដ្ឋ និងជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍ធម្មជាតិទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍ពីខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ជិតខាង មកកាន់ខេត្តស្ទឹងត្រែង និងតំបន់ភូមិភាគឦសាន ដើម្បីចូលរួមលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ធម្មជាតិបៃតង និងការអភិរក្សប្រកបដោយចីរភាព។
កម្មវិធីទី២ នៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ដោយ ÷ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង










