ប្រជាពលរដ្ឋ ១.៤៥៣ គ្រួសារ នៅក្រុងស្ទឹងត្រែង ទទួលបានធុងចម្រោះទឹកស្អាត ជំនួយពីសមាគមនារីវៀតណាម
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋចំនួន ១.៤៥៣ គ្រួសារ រស់នៅក្នុងសង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទទួលបានធុងចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់តាមខ្នងផ្ទះ ក្រោមជំនួយឧបត្ថម្ភរបស់សមាគមនារីវៀតណាម តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ថ្នាក់កណ្តាល និងសមាគមនារីខេត្តស្ទឹងត្រែង ដើម្បីរួមចំណែកលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។លោកអភិបាលក្រុងបានបញ្ជាក់ថា ធុងចម្រោះទឹកស្អាតទាំងនេះ ជាជំនួយរបស់សមាគមនារីវៀតណាម ដែលបានផ្តល់ជូនសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ថ្នាក់កណ្តាល ហើយត្រូវបានបែងចែកបន្តមកសមាគមនារីខេត្តស្ទឹងត្រែង ដើម្បីចែកជូនប្រជាពលរដ្ឋនៅតាមភូមិគោលដៅ។
លោកបានបង្ហាញក្តីរំពឹងថា ជំនួយនេះនឹងជួយសម្រួលដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងការទទួលបានប្រភពទឹកស្អាត និងមានសុវត្ថិភាព ព្រមទាំងរួមចំណែកលើកកម្ពស់អនាម័យក្នុងគ្រួសារ និងការការពារសុខភាពសាធារណៈ។លោកបានលើកឡើងថា ការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ជាពិសេសជំងឺដែលបណ្តាលមកពីទឹក និងអាហារដែលមានមេរោគ។ ដូច្នេះ ការនាំយកឧបករណ៍ចម្រោះទឹកទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋ គឺជាការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជួយសម្រួលដល់ការទទួលបានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការចម្រោះទឹក ប្រជាពលរដ្ឋត្រូវប្រើប្រាស់ឧបករណ៍ឱ្យបានត្រឹមត្រូវ សម្អាត និងថែទាំតាមការណែនាំ ព្រមទាំងប្តូរតម្រងតាមកាលកំណត់ និងរក្សាទុកទឹកក្រោយចម្រោះឱ្យបានស្អាត ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់។
ការផ្តល់ធុងចម្រោះទឹកស្អាតនេះ ក៏បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងសមាគមនារីវៀតណាម និងសមាគមនារីកម្ពុជា ក្នុងការចូលរួមគាំទ្រសហគមន៍ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕
ដោយ៖ កុល សារត្ន័
សហការីអង្គភាពសារព័ត៌មានរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង






