ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី

 

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ រួមជាមួយម្ចាស់វេន បានប្រកបដោយសទ្ធាជ្រះថ្លា នាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ ព្រមទាំងចូលរួមពិធីរាប់បាត្រ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ការចូលរួមកាន់បិណ្ឌនេះ មិនត្រឹមតែជាការរក្សា និងលើកតម្កើងប្រពៃណីវប្បធម៌ និងព្រះពុទ្ធសាសនារបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតកុសលផលបុណ្យជូនដល់ខ្លួនឯង និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងវិញ្ញាណក្ខន្ធចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នុងវត្តអារាមនេះ។

ជាមួយគ្នានេះ កុសលផលបុណ្យដែលបានកើតឡើងពីសទ្ធាជ្រះថ្លានាពេលនេះ ក៏ត្រូវបានឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធ វីរជនកងទ័ព និងកងកម្លាំងប្រដាប់អាវុធដែលបានពលីជីវិតក្នុងបេសកកម្មការពារជាតិ និងបូរណភាពទឹកដី កន្លងមកផងដែរ។

ពិធីកាន់បិណ្ឌ គឺជាប្រពៃណីដ៏ល្អផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិមិត្តដែលបានចែកឋានទៅ ព្រមទាំងជាការរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌ជាតិឱ្យស្ថិតស្ថេរតទៅជំនាន់ក្រោយ៕