ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើសិក្ខាសាលាស្តីពីបច្ចេកទេសបង្ការនិងពន្លត់អគ្គិភ័យ

 ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើសិក្ខាសាលាស្តីពីបច្ចេកទេសបង្ការនិងពន្លត់អគ្គិភ័យ

ខេត្តស្ទឹងត្រែង៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរៀបចំវគ្គសិក្ខាសាលារយៈពេលខ្លីស្តីពីការបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះដល់កងកម្លាំងនគរបាល ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ក្រុមហ៊ុន និងម្ចាស់ភោជនីយដ្ឋាននានា ប្រមាណជិត១០០នាក់ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
     ក្នុងវគ្គសិក្ខាសាលាស្តីពីការបង្ការ សង្គ្រោះនិងពន្លត់អគ្គិភ័យ នៅស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ថ្ងៃទី២៩និង៣០ ខែតុលា ឆ្នាំ២០២៦   នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេល០២ថ្ងៃនេះ សិក្ខាកាមបានសិក្សាស្វែងយល់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ស្គាល់ប្រភេទអគ្គិភ័យ និងចេះការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យបានត្រឹមត្រូវ។
     លោកឧត្តមសេនីយ៍ទោបន្តថា នៅពេលមន្ត្រីជំនាញនិងបងប្អូនអាជីវករចេះបច្ចេកទេសពន្លត់អគ្គិភ័យ វាជាវិធានការការពារសុវត្ថិភាព អនុវត្តទៅបានទាន់ពេលវេលា និងអាចជម្លៀសប្រជាពលរដ្ឋឬអ្នកពាក់ព័ន្ធ ទ្រព្យសម្បត្តិ ចេញពីតំបន់គ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។
      លោកវរសេនីយ៍ឯក វ៉ាន់ សំណាង អនុប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា សិក្ខាសាលាបានចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេស ការបង្ការ ការទប់ស្កាត់ករណីអគ្គិភ័យសម្រាប់ឱ្យសិក្ខាកាមទាំងអស់យកទៅអនុវត្តក្នុងពេលកើតមានឧបទ្ទវហេតុអគ្គិភ័យប្រកបដោយការទទួលខុសត្រូវ ។
    លោកវរសេនីយ៍ឯកបន្តថានេះ គ្រាន់តែជាការរួមចំណែកមួយតូចតែប៉ុណ្ណោះសំខាន់ម្ចាស់អាជីវកម្មនិងប្រជាពលរដ្ឋយើង អនុវត្តយុទ្ធវិធីការពារ ប្រសើរជាងព្យាបាល ទើបយើងរក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ និងសុខសុវត្ថិភាព នៅក្នុងមូលដ្ឋាននីមួយៗ។
       សូមបញ្ចាក់ថា បន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលានេះលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់រថយន្តពន្លត់អគ្គិភ័យ ជូនអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ  ដើម្បីធានាឱ្យកម្លាំងនគរបាលមានលទ្ធភាព ឆ្លើយតបចំពោះហេតុការណ៍អគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗបានទាន់ពេលវេលា។
 ដោយ÷កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង ។