រូបបដិមាព្រះនារាយណ៍ នៅទីតាំងរង្វង់មូលគីឡូ 4 សាងសង់រួចរាល់ហើយ
ខេត្តស្ទឹងត្រែង -រូបបដិមាព្រះនារាយណ៍ បានសាងសង់ហើយនៅកណ្តាល រង្វង់មូលគីឡូ៤ ដើម្បីយាងបរមីព្រះអង្គ ឱ្យជួយគ្រប់គ្រង រក្សាទឹកដី និងប្រជាជនកម្ពុជា ប្រកបដោយសេចក្តីសុខ និងសេចក្តីចម្រើន គ្រប់ប្រការ តរៀងទៅ ។ ក្នុងឱកាសចុះពិនិត្យ រូបបដិមាព្រះនារាយណ៍ នៅរង្វង់មូលថ្មីគីឡូ៤ ទើបសាងសង់ហើយ នៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា រូបបដិមាព្រះនារាយណ៍ បានយាងទៅគង់នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ អស់រយៈពេលយ៉ាងយូរ មកហើយ ។ឯកឧត្តមមានប្រសាសន៍ទៀតថា ដើម្បីគោរពប្រតិបត្តិ ក៏ដូចជាការរឮក ដឹងគុណរបស់ព្រះអង្គ ក្នុងការរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កូនចៅបានសាងសង់រូបសំណាក់ថ្មី ក្នុងទម្រង់ និងរចនាបថដើម ដាក់នៅចំកណ្តាលរង្វង់មូលគីឡូ៤ នៅលើទឹកដីនៃខេត្តស្ទឹងត្រែង (ឦសានធានី នៃដែនសុវណ្ណភូមិ) ដើម្បីយាងលោកមកគ្រប់គ្រង រក្សាទឹកដី និងប្រជាជនកម្ពុជា ប្រកបដោយសេចក្តីសុខ និងសេចក្តីចម្រើន គ្រប់ប្រការ ។
លោក គឹម ធី ប្រជាពលរដ្ឋរស់នៅភូមិរាជានុកូលក្រុងស្ទឹងត្រែងបានគាំទ្រគំនិតផ្តួចផ្តើមដ៍វៃឆ្លាត របស់អភិបាលខេត្ត ដែលបានសាងសង់រង្វង់មូលគីឡូ៤នេះឡើង ហើយថែមទាំងបន្ថែមឱ្យមានរូបបដិមាព្រះនារាយណ៍ ធ្វើឱ្យខេត្តស្ទឹងត្រែងឦសានធានី មានរូបមរតកជាប្រវត្តិសាស្ត្រនេះ។
លោកបន្តថា ក្នុងនាមប្រជាពលរដ្ឋនៅចំណុចនេះ សូមឱ្យអ្នកបើកបរទាំងអស់មកដល់រង្វង់មូល ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរបន្ថយល្បឿនទាំងម៉ូតូ និងរថយន្ត ដើម្បីបញ្ចៀសការគ្រោះថ្នាក់ទាំងអស់គ្នា ព្រោះអភិបាលខេត្ត បានរៀបចំប្រព័ន្ធសុវត្ថិភាព ឱ្យមាននៅទីនេះហើយ ។
សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ទើបសាងសង់រួចរាល់ បង្ហាញពីការលើកកម្ពស់ថែរក្សាមរតកជាប្រវត្តិសាស្ត្រផង និងមានប្រយោជន៍ឱ្យកូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ រូបបដិមាព្រះនារាយណ៍ និងបង្ការបានការគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត៕
ដោយ÷ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំខេត្ត ស្ទឹងត្រែង ។









