កិច្ចប្រជុំកំពូលAPEC 2026 នៅ Shenzhen ផ្តល់ភាពប្រាកដប្រជាយ៉ាងច្រើនសម្រាប់កំណើនសកលលោក
កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣៣ នៅទីក្រុង Shenzhen ថ្ងៃទី ១៨–១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ការទូតប្រចាំឆ្នាំនោះទេ។ វាកើតឡើងនៅពេលដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងពាណិជ្ជកម្ម ការបែងចែកខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងបច្ចេកវិទ្យា ដែលធ្វើឱ្យវេទិកាសហប្រតិបត្តិការពហុភាគីកាន់តែមានតម្លៃ។ នេះជាលើកទី ៣ ដែលចិនធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីទីក្រុង Shanghai (២០០១) និង Beijing (២០១៤)។ ការជ្រើសរើស Shenzhen ក៏មាននិមិត្តរូបខ្ពស់ផងដែរ៖ ពីភូមិនេសាទតូចមួយ ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ពិភពលោក ដែលជាទីតាំងរបស់ក្រុមហ៊ុនដូចជា Huawei, BYD និង Tencent។ កិច្ចប្រជុំនេះ ក្លាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់លើសពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអ្វីដែលពិភពលោកអាចទទួលបាន ដោយសារសេដ្ឋកិច្ចសមាជិកទាំង២១ របស់ APEC គឺជាក្បាលម៉ាស៊ីនដ៏ធំបំផុតនៃសេដ្ឋកិច្ចសាកល។ចំណុចសំខាន់គឺថា គោលនយោបាយណាមួយដែលមេដឹកនាំ APEC ឯកភាពគ្នានៅ Shenzhen នឹងជះឥទ្ធិពលលើសេដ្ឋកិច្ចជិតពីរភាគបីរបស់ពិភពលោក និងពាណិជ្ជកម្មជិតពាក់កណ្តាល។ ចំណែកពាណិជ្ជកម្មរបស់តំបន់នេះបានកើនដល់ជិតពាក់កណ្តាលនៃពាណិជ្ជកម្មសាកល ខណៈដែលអត្រាពន្ធធ្លាក់ចុះពី ១៧% នៅឆ្នាំ ១៩៨៩ មកត្រឹមប្រមាណ ៥.៣% នៅឆ្នាំ ២០២១។ តួលេខទាំងនេះបង្ហាញថា APEC ជាម៉ូដែលនៃ «ការបើកចំហដោយស្ម័គ្រចិត្ត» ដែលផ្តល់ផលជាក់ស្តែង ប្រកបជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ ៣% នៅឆ្នាំ ២០២៥ ទោះបីជាមានភាពតានតឹងពាណិជ្ជកម្មក្តី តំបន់នេះនៅតែជាស្ថិរករនៃសេដ្ឋកិច្ចសាកល។
ផលប្រយោជន៍ភ្លាមៗបំផុតសម្រាប់ពិភពលោក គឺការកាត់បន្ថយភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម។ ចំណុចនេះមានទ្វិមាត្រ៖ ពហុភាគី និងទ្វិភាគី។ ផែនទីបង្ហាញផ្លូវសម្រាប់សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងសេចក្តីប្រកាស Shenzhen ជាលទ្ធផលជាក់ស្តែងផ្នែកពាណិជ្ជកម្ម ការតភ្ជាប់នវានុវត្តន៍និងការអភិវឌ្ឍ ដែលជាចំណុចស្នូលសម្រាប់ការស្វែងរកផ្លូវឆ្ពោះទៅតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។ ការជួបប្រជុំចិន-អាមេរិកដោយឡែកនៃកិច្ចប្រជុំ APEC គឺជាចំណុចដែលទីផ្សារហិរញ្ញវត្ថុសាកលតាមដានយកចិត្តទុកដាក់ជាងគេ។ បច្ចុប្បន្ន កិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយរវាងភាគីទាំងពីរមានសុពលភាពដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៧។ ទោះបីមិនមានកិច្ចព្រមព្រៀងធំៗកើតឡើង ការពន្យារពេលកិច្ចព្រមព្រៀងនេះ ឬការកែសម្រួលពន្ធលើទំនិញមួយចំនួន ក៏នឹងផ្តល់ភាពច្បាស់លាស់ជាងមុនដល់អ្នកវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក។
មួយវិញទៀត ការជ្រើសរើស Shenzhen ជាទីតាំងបង្ហាញច្បាស់ថា នវានុវត្តន៍ជាស្នូលនៃរបៀបវារៈឆ្នាំនេះ។ ចិនបានអំពាវនាវឱ្យ APEC ពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មីៗ ពង្រីកសេវាសាធារណៈឌីជីថល លើកកម្ពស់ភាពស៊ីគ្នានៃស្តង់ដារ និងធានាថាផលប្រយោជន៍បច្ចេកវិទ្យាត្រូវបានចែករំលែកយ៉ាងសមធម៌។ ផលប្រយោជន៍សម្រាប់ពិភពលោកមានបីចំណុចគឺ ការបង្កើតវិន័យបញ្ញត្តិបច្ចេកវិទ្យារួម ការកាត់បន្ថយគម្លាតស្នាមឌីជីថល និងកំណើនពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យាខ្ពស់។ ជាក់ស្តែងក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២៦ ពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យាខ្ពស់រវាងចិន និងសេដ្ឋកិច្ច APEC ផ្សេងទៀត មានតម្លៃរហូតដល់ ៦,៦៦ ទ្រីលានយាន់ កើន៥០,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបង្ហាញថាខ្សែច្រវាក់ផ្គត់ផ្គង់អេឡិចត្រូនិច និងយានយន្តថាមពលថ្មីនៅតែផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធនៅតំបន់នេះ។
កិច្ចសហប្រតិបត្តិការជាអាទិភាពទីបី គឺជាចំណុចដែលភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រចាំថ្ងៃ។ មុនកិច្ចប្រជុំកំពូល ចិនបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើវិស័យសហគ្រាសធុងតូច និងមធ្យម (SMEs) ថាមពល ការអភិវឌ្ឍធនធានមនុស្ស ដឹកជញ្ជូន និងហិរញ្ញវត្ថុ។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាគម្រោងផ្លូវដែកល្បឿនលឿន Jakarta–Bandung ផ្លូវដែក East Coast នៅម៉ាលេស៊ី និងកំពង់ផែ Chancay នៅប៉េរូ បង្ហាញថាការតភ្ជាប់ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន គួបផ្សំជាមួយភាពងាយស្រួលនៃការធ្វើដំណើរ ដោយចិនបានអនុវត្តការលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយសេដ្ឋកិច្ច APEC មួយចំនួន ដូចជាសិង្ហបុរី ថៃ ម៉ាលេស៊ី និង រុស្ស៊ី ដែលជំរុញទេសចរណ៍ និងការផ្លាស់ប្តូរធុរកិច្ច ជាមួយនឹងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់និងថាមពល។
ដូច្នេះកិច្ចប្រជុំ APEC នៅ Shenzhen ផ្តល់ផលប្រយោជន៍ដល់សាកលលោកចម្បងៗ ដែលជាសញ្ញាបន្តការគាំទ្រលើវិស័យពាណិជ្ជកម្មបើកចំហ ក្របខ័ណ្ឌរួមសម្រាប់សេដ្ឋកិច្ចឌីជីថល និងពង្រឹងទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំនៃសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ ការវាស់ស្ទង់ភាពជោគជ័យពិតប្រាកដគឺមិនត្រឹមស្ថិតនៅពេលសេចក្តីប្រកាសត្រូវបានអនុម័តប៉ុណ្ណោះទេ តែវាស្ថិតនៅពេលដែលផែនទីបង្ហាញផ្លូវសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក និងចំណុចគោលដៅឈានទៅរក FTAAP ត្រូវបានបកស្រាយជាវិធានការជាក់ស្តែង និងនៅពេលដែលភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិកមានការថយចុះ ហើយវាក៏ជាបរិយាកាសដ៏ល្អបំផុតសម្រាប់សេដ្ឋកិច្ចតូចដែលពឹងផ្អែកលើការនាំចេញ និងវិនិយោគផ្ទាល់ពីបរទេស៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា


