អភិបាលស្រុកសេសានជំរុញឱ្យប្រជាពលរដ្ឋចំនួន ៥៣៨ គ្រួសារ រួមគ្នាធ្វើឱ្យភូមិថ្មី ក្លាយជាភូមិបៃតង
ខេត្តស្ទឹងត្រែង-អភិបាលស្រុកសេសានជំរុញឱ្យប្រជាពលរដ្ឋចំនួន ៥៣៨ គ្រួសារមកពី២៥រាជធានីខេត្តទទួលបានដីនិងផ្ទះសម្រាប់រស់នៅដោយស្របច្បាប់ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នាធ្វើការងារដាំដុះ ដំណាំផ្សេងៗ ដើម្បីធ្វើឱ្យភូមិថ្មីនេះក្លាយជាភូមិមានដំណាំបៃតង នៅភាគឦសាននៃប្រទេសកម្ពុជា។ ក្នុងឱកាសចុះជួបសួសុខទុក្ខប្រជាពលរដ្ឋកំពុងតាំងលំនៅថ្មីក្នុងគម្រោង(ផ.ក.អ.)នៅចំណុចអូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០៣តុលាឆ្នាំ២០២៦ លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបាន ជំរុញឱ្យបងប្អូន ប្រជាពលរដ្ឋទាំង៥៣៨គ្រួសារបង្កើនការដាំដុះ បន្លែបង្ការ ដំណាំឈើហូបផ្លែ សម្រាប់ចិញ្ចឹមជីវភាព ឱ្យបានល្អប្រសើរ ជាពិសេសរួមគ្នាធ្វើឱ្យភូមិថ្មីនេះក្លាយជាភូមិមានសម្រស់បៃតង ដែលកើតចេញពីផលដំណាំកសិកម្ម ។
លោកបន្តថា តំបន់ថ្មីនេះយើយមានផ្ទះព័រណ៌បៃតងស្រាប់ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ធំទូលាយដូចនេះបងប្អូនត្រូវរួគ្នាធ្វើឱ្យភូមិយើងប្រែក្លាយទៅជាជំរុំទេសចរណ៍ថ្មីផុសនៅលើទឹដីភាគឦសាននៃប្រទេសកម្ពុជាយើង ។
លោក គ្រង សាវុធមេភូមិញើនបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋមករស់នៅតំបន់នេះមានទឹកមុខស្រស់ស្រាយ និងនាំគ្នាថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ដី ឱ្យផ្ទះតាម គម្រោង(ផ.ក.អ.)បានត្រឹមត្រូវ ហើយគណៈអភិបាលខេត្ត និងក្រុមការងារពាក់ព័ន្ធបានជូនដំណើរមកដល់កន្លែងរស់នៅផ្ទាល់តែម្តង ។
លោកស្រីសាន ម៉ាលីស ប្រជាពលរដ្ឋមកពីតំបន់អូរ៥ដំឡឹង ខេត្តបន្ទាយមានជ័យ តំណាងឱ្យប្រជាពលរដ្ឋមក រស់នៅទីតាំងភូមិថ្មី បានលើកឡើងថា ពួកគាត់មានភាពកក់ក្តៅមួយផ្នែកធំ បានមករស់នៅលើដីនិងផ្ទះ ដែលមានកម្មសិទ្ធស្របច្បាប់ មានហេដ្ឋរចនាសម្ព័ន្ធល្អ ទោះបីមានចម្ងាយនៅឆ្ងាយពីទីរួមខេត្តបន្តិចមែន ។
លោកស្រីបន្តថា បងប្អូនយើងរីករាយនិងរួមគ្នាអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាកែប្រែជីវភាពរស់នៅឱ្យសម្បូរធូរធារ និងធ្វើឱ្យភូមិថ្មីនេះមានសោភ័ណភាពបៃតង ។
សូមបញ្ចាក់ថា៖ក្នុងគម្រោង (ផ.ក.អ.) ប្រជាពលរដ្ឋដែលមកតាំងលំនៅថ្មីមានចំនួន៥៣៨គ្រួសារមកពី២៥រាជធានីខេត្ត ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង មានទំហ៊ំ៥គុណ៧ម៉ែត្រ សាងសង់នៅលើដីចំនួន៣ហិកតា សម្ភារៈធ្វើកសិកម្ម និងពូជដំណាំផ្សេងៗជាច្រើនមុខទៀត ដើម្បីចាប់ផ្តើមធ្វើការងារបង្កបង្កើនផល លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
ដោយ÷ កុល សារ័ត្ន សហការីរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង។
















