រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ទិវាថ្ងៃបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោពលខេមរភូមិន្ទ
០៩វិច្ឆិកាបុណ្យឯករាជ្យជាតិ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រារព្ធធ្វើឡើងនៅទីលានតេជោ ធិបតី មុខសាលាខេត្តដើម្បីបង្ហាញឱ្យមហាជនចងចាំនូវខួបអនុស្សាវរីយ៍ ០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២៦ លើកទី៧៣នៃទិវាបុណ្យឯករាជជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទផងដែរ។ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៧៣ទិវាថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោពលខេមរភូមិន្ទនេះ ត្រូវបាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋ បានជួបជុំគ្នា ធ្វើឡើងនៅមុខសាលាខេត្ត ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ រំឭកឡើងពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ខួបលើកទី៧៣ទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា១៩៥៣ - ០៩វិច្ឆិកា ២០២៦ ដែលជាព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ក្នុងអត្ថន័យមិនអាចបំភ្លេចបាននេះគឺ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទាឯករាជ្យជាតិអោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ។
ហើយធ្វើឱ្យមហាជនចងចាំ ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាវីរៈភាពដ៏អង់អាចក្លាហាននិងជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរៈយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ។
ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាម និងគ្រោះកាចចង្រៃផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា៖ក្នុងទិវាខួបលើក ទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ បានប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាព ស្ថិតនៅគង់វង្ស ចូលរួមចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិអោយកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភា និងសម្តេចមហារបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ÷កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង។









