បណ្ណកម្មសិទ្ធិដីធ្លីចំនួន២.០៣៧ក្បាលដី ចែកជូនប្រជាពលរដ្ឋដើម្បីធានាការប្រើប្រាស់ស្របច្បាប់
ខេត្តស្ទឹងត្រែង- បណ្ណកម្មសិទ្ធដីធ្លី ចំនួន ២.០៣៧ក្បាលដី បានចែកជូនប្រជាពលរដ្ឋទាំង១.៣៥៨គ្រួសារ ទៀតនៅក្នុងឃុំចំនួន៣ក្នុងស្រុកសេសាន ដែលមន្ត្រីជំនាញបានធ្វើឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចមក ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លីស្របច្បាប់ ។ ក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២៦ឯកឧត្តមផៃប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋដែលមកទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនេះ ជួយបន្តផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋយើងផ្សេងៗទៀតឱ្យមកទទួលយក និងយល់ដឹងពីអ្វីជាការដឹកនាំរបស់រាជរដ្ឋាភិបាល អ្វីជាការដឹកនាំរបស់ អាជ្ញាធរដែនដីខេត្ត ស្រុក ក្នុងគោលបំណងការពារនូវអាយុជីវិត ការពារនូវជីវភាពរស់នៅ ដែលជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង ។
ឯកឧត្តមមានប្រសាសន៍ទៀតថា ពេលទទួលបានប័ណ្ណកាន់កាប់ស្របច្បាប់ហើយ បងប្អូនយើងត្រូវយកចិត្តទុកដាក់ធ្វើការងារបង្កបង្កើនផល ដើម្បីជីវភាពរបស់យើង ជារឿងសំខាន់ និងយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ខ្លួនឯង។
ឯកឧត្តមសរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ដែរថា៖ នេះជាការផ្តល់ជូនម្ចាស់ក្បាលដីនូវឯកសារដ៍មានសារៈសំខាន់ ដែលបញ្ជាក់ពីសិទ្ធស្របច្បាប់ របស់ម្ចាស់ក្បាលដីនីមួយៗ ហើយបងប្អូននិងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់អាស្រ័យផល លើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួន ផ្តាច់មុខស្របច្បាប់ និងបានទូលំទូលាយផងដែរ។
លោកស្រីជឿនសីហា ប្រជាពលរដ្ឋរស់នៅឃុំស្តៅ១បានទទួលស្គាល់ថា បណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុនេះ ពិតជាមានតម្លៃ ព្រោះមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរ ។
លោកស្រីសប្បាយចិត្តនិងថែរក្សាបណ្ណនេះឲ្យបានល្អ ដើម្បីការរស់នៅមានសុវត្ថិភាព និងចៀសវាងរឿងទំនាស់ផ្សេងៗដែលកើតមានឡើងដោយសារដីធ្លី ។
សូមបញ្ជាក់ថា៖ មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោគដីខេត្ត ចេញបណ្ណកម្មសិទ្ធិសម្គាល់អចលនៈវត្ថុជូនប្រជាពលរដ្ឋយើងនេះមានបណ្ណចំនួន២.០៣៧បណ្ណស្មើនិង១.៣៥៨គ្រួសារ ក្នុងចំណោមភូមិចំនួន០៧ភូមិ នៅក្នុងឃុំចំនួន៤នេះ មានឃុំសាមឃួយ ឃុំភ្លុក និងឃុំស្តៅ ឃុំស្រែគរ ក្នុងស្រុកសេសាន ។
ដោយ÷ កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង។















