ពុទ្ធបរិស័ទដង្ហែអង្គកឋិនទានសាមគ្គីវេប្រគេនព្រះសង្ឃនៅវត្តអូររអិល ខេត្តប៉ៃលិន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវមហាឧបាសិកា អគ្គពុទ្ធសាសនូបត្ថម្ភន៍ ស៊ុ ហៀង សភាពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម អៀង វុធ និងលោកជំទាវ តាំង ហ្គិចអ៊ី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍ ហៅវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ពិធីបុណ្យនេះ រៀបចំឡើងដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនញាតិកាទាំង ៧ សន្តាន ព្រមទាំងវីរជន កងទ័ព ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
ពិធីបុណ្យកឋិនទានមហាសាមគ្គីប្រព្រឹត្តទៅយ៉ាងមហោឡារិកតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដោយមានក្បួនដង្ហែអមដោយភ្លេងឆៃយ៉ាំ និងការរាំកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា។
បន្ទាប់ពីដង្ហែអង្គកឋិន ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ បាននមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងវេប្រគេនត្រៃចីវរ ទេយ្យទាន និងបច្ច័យសង្កត់ត្រៃ តាមពុទ្ធានុញ្ញាត។
ក្នុងឱកាសនោះ ព្រះទេសន៍ប្រជានិយម ផាយ រឺទ្ធី ព្រះចៅអធិការវត្តអូររអិល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវមហាឧបាសិកា ស៊ុ ហៀង ឯកឧត្តម អៀង វុធ លោកជំទាវ តាំង ហ្គិចអ៊ី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាផ្តួចផ្តើមរៀបចំពិធីបុណ្យនេះឡើង។
ព្រះអង្គមានសង្ឃដីកាថា បុណ្យកឋិនទានជាទានពិសេស និងជាសង្ឃលាភដ៏ឧត្តុង្គឧត្តម ដែលមានកាលកំណត់ត្រឹម ២៩ ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយផ្តល់អានិសង្សច្រើនដល់ម្ចាស់ផ្តើមបុណ្យ និងព្រះសង្ឃ។
ព្រះចៅអធិការវត្តអូររអិល បន្ថែមថា បច្ច័យដែលប្រមូលបាន នឹងយកទៅកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តឱ្យកាន់តែប្រសើរឡើង ដើម្បីទុកជាទីសក្ការៈ និងរួមចំណែកថែរក្សាព្រះពុទ្ធសាសនាឱ្យគង់វង្សរុងរឿង ៥០០០ ព្រះវស្សា។
ពិធីបុណ្យកឋិនទានសាមគ្គីនេះ ក៏បានឆ្លុះបញ្ចាំងពីសទ្ធាជ្រះថ្លា សាមគ្គីភាព និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយ៖ ស សារឿន





