បទវិភាគ៖ពិព័រណ៍នាំចូលចិនអន្តរជាតិ(CIIE)៖ ភាគលាភនៃការបើកចំហរបស់ប្រទេសចិនផ្តល់អត្ថប្រយោជន៍ដល់ពិភពលោក
ពិព័រណ៍នាំចូលចិនអន្តរជាតិ(CIIE)លើកទី ៩ បានប្រារព្ធឡើងតាមការគ្រោងទុក ដោយមាននាយកប្រតិបត្តិក្រុមហ៊ុនបរទេសជាច្រើនផ្តោតលើ "ឱកាសចិន 2.0" ។ នៅឆ្នាំទីមួយនៃផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី១៥ សហគ្រាសពហុជាតិសំខាន់ៗបានចាប់យកយ៉ាងសកម្មនូវឱកាសអភិវឌ្ឍន៍ថ្មីដែលនាំមកដោយការពង្រីកនិងធ្វើឱ្យប្រសើរឡើងនៃទីផ្សារចិន។ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដំបូងគេលើពិភពលោកដែលផ្តោតលើការនាំចូល CIIEគឺជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការជំរុញការបើកចំហប្រកបដោយកម្រិតខ្ពស់ចំពោះក្រៅប្រទេស និងជាផលិតផលសាធារណៈអន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។ CIIEឆ្នាំនេះត្រូវបានកត់សម្គាល់ដោយមានចំណុចលេចធ្លោ និងទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា ដោយមានក្រុមហ៊ុនក្រៅប្រទេសសរុបចំនួន4,142មកពីប្រទេសនិងតំបន់ចំនួន148 ចូលរួម ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០និងសហគ្រាសនាំមុខគេលើពិភពលោកមានជាង300 បានចូលរួម ដោយមានក្រុមហ៊ុនជិត 200 ចូលរួមជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នាដែលបានក្លាយជា "សហគ្រាសចូលរួមជាប្រចាំ " ។ ផលិតផលជាង 480 ប្រភេទ ដែលបង្ហាញវត្តមានលើសកល ក្នុងអាស៊ីនិងចិនជាលើកដំបូងត្រូវបានដាក់តាំងបង្ហាញរួមគ្នា ដែលបង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញជាសកលដ៏ខ្លាំងក្លារបស់ទីផ្សារចិន។
បរិយាកាសសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមានភាពស្មុគ្រស្មាញ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងចរន្តបញ្ច្រាស និងអតុល្យភាពនៃការអភិវឌ្ឍពិភពលោកកាន់តែលេចធ្លោ។ ប្រឈមមុខនឹងស្ថានការណ៍បែបនេះ ប្រទេសចិនប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តបើកទូលាយចំពោះក្រៅប្រទេសដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ «របាយការណ៍ស្តីពីការបើកចំហពិភពលោកឆ្នាំ 2026»បង្ហាញថា ចាប់ពីឆ្នាំ 1990 ដល់ឆ្នាំ 2025 សន្ទស្សន៍នៃការបើកចំហររបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយមានអត្រាកំណើនឈរនៅលំដាប់នាំមុខលើពិភពលោក។ ពិព័រណ៍នាំចូលចិនអន្តរជាតិ(CIIE) ចំនួនប្រាំបីលើកដំបូងបានទាក់ទាញសហគ្រាសមកពីជាង 180 ប្រទេសនិងតំបន់ ជាមួយនឹងទំហំជួញដូរតាមបំណងលើសពី 580 ពាន់លានដុល្លារ ដោយបន្តសម្រេចការផ្លាស់ប្តូរពី"វត្ថុតាំងពិព័រណ៍ទៅជាទំនិញ ពីអ្នកចូមរួមតាំងពិព័រណ៍ទៅជាវិនិយោគិន” ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងទៅក្នុងកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក។
ការប្តេជ្ញាចិត្តរយៈពេលប្រាំបួនឆ្នាំនៃCIIEបានបញ្ជាក់ពីឋានៈទាំងពីររបស់ប្រទេសចិនគឺ "រោងចក្រពិភពលោក" និង "ទីផ្សារពិភពលោក" ។ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល 17 ឆ្នាំជាប់ៗគ្នា ហើយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ជាង 160 ប្រទេស និងតំបន់។ ការនាំចូលក្នុងបីត្រីមាសដើមឆ្នាំនេះបានកើនឡើង
22,3%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយផ្អែកលើឧត្តមភាពនៃទីផ្សារដ៏ធំធេង ទីផ្សារប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនបន្តកើនឡើង ការលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមបានលើសពី 50ទ្រីលានយន់ក្នុងឆ្នាំ 2025 និងមានសក្តានុពលដ៏ធំសម្រាប់កំណើនបន្ថែមទៀត។
ឆ្នាំនេះគឺជាខួបលើកទី 25 នៃការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសចិន ហើយកម្រិតពន្ធគយសរុបរបស់ប្រទេសចិនបានឈានដល់កម្រិតមធ្យមនៃអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍។ ពិព័រណ៍នាំចូលចិនអន្តរជាតិ(CIIE) បានជំរុញយ៉ាងខ្ជាប់ខ្ជួននូវដំណើរសកលភាវូបនីយកម្មដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងមានបរិយាបន្ន បន្តគាំទ្រឱ្យប្រទេសអភិវឌ្ឍន៍តិចតួចចូលរួមពិព័រណ៍ ។ ពិព័រណ៍ឆ្នាំនេះបានធ្វើឱ្យប្រសើរឡើងនូវការតាំងពិព័រណ៍ពិសេសអំពីផលិតផលអាស៊ី-អាហ្រ្វិក និងបង្កើនចំនួនស្តង់ដោយឥតគិតថ្លៃ ដើម្បីធានាថា អង្គភាពសេដ្ឋកិច្ចដែលមានកម្រិតអភិវឌ្ឍន៍ខុសៗគ្នាអាចចែករំលែកឱកាសអភិវឌ្ឍន៍ដោយស្មើភាពគ្នា។
CIIE ប្រកាន់ខ្ជាប់នូវគំនិតនៃការតាំងពិព័រណ៍ គឺ"យុគសម័យថ្មី ចែករំលែកអនាគត" ដោយបន្តអនុវត្តគោលបំណងដើមរបស់ប្រទេសចិនក្នុងការបើកទូលាយចំពោះក្រៅប្រទេស។ ទីផ្សារក្នុងស្រុកដ៏ធំ កម្លាំងចលករនៃការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ និងភាគលាភអភិវឌ្ឍន៍ដ៏សម្បូរបែបធ្វើឱ្យ«ឱកាសចិន 2.0»ក្លាយជាការពិតយ៉ាងច្បាស់ ដែលនឹងបន្តបំពេញបន្ថែមថាមពលយូរអង្វែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសនានា៕

