មហាសង្ក្រាន្តស្ទឹងត្រែងឆ្នាំ២០២៦ ទាក់ទាញភ្ញៀវជិត៣០ម៉ឺននាក់ និងបង្ហាញស្មារតីដឹងគុណវីរកងទ័ព
ខេត្តស្ទឹងត្រែង៖ ព្រឹត្តិការណ៍ «មហាសង្ក្រាន្តឆ្នាំថ្មី២០២៦» ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើទីលាននាគជ័យ និងសួនតេជោសន្តិភាព មុខសាលាខេត្តស្ទឹងត្រែង បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ សរុបជិត៣០ម៉ឺននាក់។
ឯកឧត្តម សរសុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សារភ្ជាប់ស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពការពារទឹកដីនៅជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីសាមគ្គីភាពជាតិខ្មែរតែមួយ។
ឯកឧត្តមបានបន្ថែមថា សកម្មភាពទាំងនេះអាចកើតមានឡើងបានក្រោមដំបូលសន្តិភាព និងការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធានាសុខសន្តិភាព និងស្ថិរភាពសង្គម ឲ្យប្រជាពលរដ្ឋអាចរស់នៅ និងចូលរួមកម្សាន្តដោយសុវត្ថិភាព និងសាមគ្គីភាព ដោយមិនមានបញ្ហាអសន្តិសុខណាមួយកើតឡើងឡើយ។
លោក សុវណ្ណ ពិសេដ្ឋ គណកម្មការរៀបចំភូមិសំនៀង បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កើនទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងជំរុញឲ្យមានការយល់ដឹងច្បាស់អំពីតម្លៃនៃសន្តិភាព ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍ជាតិ។
ក្នុងនោះដែរ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ឆ្នាំនេះមានភាពរីកចម្រើន និងច្នៃប្រឌិតជាងឆ្នាំមុន ដោយបន្ថែមកម្មវិធីកម្សាន្តជាច្រើន រួមមាន ដង្ហែរក្បួនកងទ័ពមហានគរ តាមដងវិថី ក៏ដូចជា ភូមិចម្រុះដូចជា ភូមិល្បែងប្រជាប្រិយ ភូមិសំនៀងប្រជាប្រិយ វិថីម្ហូបអាហារខ្មែរ និងភូមិនំខ្មែរ ជាដើម។
បន្ថែមពីនេះ ភ្ញៀវទេសចរបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនក្លែង បោះអង្គុញ លោតបាវ វាយក្អមយកលុយ និងល្បែងសប្បាយផ្សេងៗទៀត ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយយ៉ាងខ្លាំង។
លោកស្រី បូចាន់ ថាំ ប្រជាពលរដ្ឋនៅស្រុកសៀមបូក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការចូលរួមរបស់សហគមន៍ និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារផងដែរ។
មហាសង្ក្រាន្តស្ទឹងត្រែងឆ្នាំ២០២៦ បានបង្ហាញពីការអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ការរួបរួមសាមគ្គីភាពជាតិ និងការលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់ ធ្វើឲ្យខេត្តស្ទឹងត្រែងកាន់តែមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរនាពេលអនាគត៕












