«នគរសង្រ្កាន ២០២៦» នៅភ្នំពេញ រៀបចំយ៉ាងអធិកអធម អបអរសាទរចូលឆ្នាំខ្មែរ រយៈពេល ៦ថ្ងៃពេញ
រាជធានីភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន ២០២៦» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ និងរួមចំណែកលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជាតិខ្មែរ។
កម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកចូលរួមកម្សាន្តយ៉ាងកុះករ។ ជាមួយគ្នានេះ ក៏ជាការបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ ដោយថវិកាដែលទទួលបានពីការលក់ Mascot និងផ្នែកនៃចំណូលពីស្តង់ នឹងត្រូវបរិច្ចាគជូនបងប្អូនភៀសសឹក និងកងកម្លាំងជួរមុខផងដែរ។
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានកម្មវិធីសម្បូរបែបជាច្រើនសម្រាប់ប្រជាពលរដ្ឋចូលរួមកម្សាន្ត។
🔸 សកម្មភាពសំខាន់ៗរួមមាន៖
* ថ្ងៃទី១៤ មេសា៖ ពិធីទទួលទេវតា, រាំវង់ជុំញាតិ និងល្ខោនបុរាណ «ព្រះទេវីចម្បាំង», កម្មវិធីទាញព្រ័ត្រមិត្តភាព
* ថ្ងៃទី១៥ មេសា៖ ពិធីទៅវត្ត និងពូនភ្នំក្បាច់នៅវត្តភ្នំ, ក្បួនដង្ហែ «នគរសង្រ្កាន», ល្ខោនយីគេ «អ្នកតាមឃ្លាំងមឿង»
* ថ្ងៃទី១៦ មេសា៖ ដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះ, សម្តែងយុទ្ធគុនខ្មែរ និងល្ខោនស្រមោលស្បែកធំ «ចម្បាំងឥន្រ្តជិត»
* ថ្ងៃទី១៧ មេសា៖ សម្តែងយុទ្ធគុនខ្មែរ, ល្ខោនអាប៉េ «ព្រះច័ន្ធគោរព» និងរាំវង់ជុំញាតិ
* ថ្ងៃទី១៨ មេសា៖ ល្បែងប្រជាប្រិយជុំវិញវត្តភ្នំ, ក្បួនដង្ហែ និងការសម្តែងតន្ត្រីសំឡេងស្រាល
* ថ្ងៃទី១៩ មេសា៖ ប្រកួតអុកយក្សវគ្គផ្តាច់ព្រ័ត្រ, រាំវង់ និងល្ខោនបាសាក់ «តេជោយ៉ត»
បន្ថែមពីនេះ សាលារាជធានីភ្នំពេញក៏បានរៀបចំចំណតយានយន្តសាធារណៈជាច្រើនទីតាំង ដើម្បីបម្រើភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់តម្លៃត្រឹម ១០០០រៀលសម្រាប់ម៉ូតូ និង ២០០០រៀលសម្រាប់រថយន្ត ព្រមទាំងមានចំណតឯកជនបន្ថែមផងដែរ។
ព្រឹត្តការណ៍ «នគរសង្រ្កាន ២០២៦» ត្រូវបានរំពឹងថា នឹងក្លាយជាកន្លែងកម្សាន្តដ៏ធំមួយ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ៕















