អភិបាលខេត្តស្ទឹងត្រែងឲ្យយុវជនបង្កើនស្មារតីឈ្វេងយល់ទិវាជាតិនៃការចងចាំ ថ្ងៃ ២០ ឧសភា
ខេត្តស្ទឹងត្រែង -រដ្ឋបាលខេត្តស្ទឹងត្រែងបានក្រើនរម្លឹកឱ្យយុវជនឈ្វេងយល់បន្ថែម ពីទិវាជាតិនៃការចងចាំថ្ងៃទី២០ ឧសភាដែលបានប្រារព្វឡើងនេះជាគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺខ្មែរក្រហម។
ក្នុងពិធីប្រារព្វទិវានៃការចងចាំធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី២០ឧសភាឆ្នាំ២០២៦ឯកឧត្តមសរសុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖ ស្ថិតក្នុងបរិបទនេះយុវជនយើងត្រួវនាំគ្នាសិក្សាបន្ថែម ហើយរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍និងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើន មានស្ថេរភាពនិងសន្តិសុខល្អប្រសើរ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ បច្ចុប្បន្ននេះកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព មានស្ថេរភាពនយោបាយ ស្ថេរភាពសង្គម និងការអភិវឌ្ឍសមិទ្ធផលនានា បានកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាជនទាំងមូលក្នុងការផ្សះផ្សាជាតិ ការលើកកម្ពស់ស្មារតីសាមគ្គីភាពជាតិ ធ្វើឱ្យប្រជាជនយើងបានយល់កាន់តែច្បាស់ អំពីតម្លៃស្ថេរភាពក្នុងសង្គម ហើយយុវជនខ្លួនងងត្រូវបន្តឈ្វេងយល់ឱ្យកាន់តែច្បាប់ និងខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយទៅជាមូលធនសង្គម។
កញ្ជា ឈិនសោភារៀនថ្នាក់ទី០៧ <គ> សាលាវិទ្យាល័យព្រះរាជបូជនីយកិច្ចបានយល់ថាទិវាជាតិនៃការចងចាំថ្ងៃទី២០ ឧសភានេះយុវជនជំនាន់ក្រោយចងចាំមិនភ្លេចទេ ព្រោះជីដូនជីតាឳពុកម្តាយ និងអាណាព្យាបាលមួយចំនួន ក៍បាននិយាយរឿងរ៉ាវប្រាប់ ពីការកាប់សម្លាប់មនុស្សក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតឱ្យស្លាប់អស់ជាង៣លាននាក់ ដូចជាមានក្នុងរូបភាពនៅកុគទួលស្លែងផងដែរ ។
កញ្ញាបន្តថា៖ពេលនេះបានថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ស លោកគ្រូអ្នកគ្រូ ជួបជុំគ្នាប្រារព្វឡើងនូវទិវាជាតិនៃការចងចាំនេះ ពិតជាបានដាស់ស្មារតីឱ្យយុវជនគ្រប់ស្រទាប់វណ្ណៈកាន់តែចងចាំមិនភ្លេច ហើយត្រូវការសុខសន្តិភាព និងនាំគ្នាថែរក្សា ។
សូមបញ្ជាក់ថា៖ឆ្នាំ ២០២៦នេះ ជាលើកទី៩ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ហើយក៏ជាលើកទី ៤៣ ចាប់ពីឆ្នាំ១៩៨៤ មក ដែលទិវានេះបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឲ្យមានសុខដុមរមនីយកម្ម និងលើកកម្ពស់ការយល់ដឹងអំពីអំពើឃោរឃៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឲ្យរបបនេះកើតមានឡើងសារជាថ្មី។
ដោយ ÷ កុល សារត្ន័ ស្ទឹងត្រែងថ្ងៃ ពុធ ទី ២០ ខែ ឧសភា ឆ្នាំ ២០២៦ ៕
ដោយ ÷ កុល សារត្ន័ ស្ទឹងត្រែងថ្ងៃ ពុធ ទី ២០ ខែ ឧសភា ឆ្នាំ ២០២៦ ៕































