មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដកហូតឈើសុក្រំជិត ១៥០កំណាត់ និងមធ្យោបាយដឹកជញ្ជូនជាច្រើន
មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ប្រចាំភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយសម្រេចដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ជិត ១៥០កំណាត់ ព្រមទាំងគោយន្តកន្ត្រៃ និងម៉ូតូជាច្រើនគ្រឿង ដែលជាមធ្យោបាយប្រើប្រាស់ក្នុងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។
ប្រតិបត្តិការនេះបានអនុវត្តរយៈពេល ៨ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដោយចុះប្រតិបត្តិការនៅតំបន់ភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
យោងតាមមន្ត្រីជំនាញ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ការពារធនធានធម្មជាតិ និងទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះក្នុងតំបន់ដែនជម្រកសត្វព្រៃ។
បច្ចុប្បន្ន វត្ថុតាងដែលដកហូតបាន រួមមានឈើអារ គោយន្តកន្ត្រៃ និងម៉ូតូ ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ខណៈអាជ្ញាធរពាក់ព័ន្ធបន្តស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធយកមកទទួលខុសត្រូវចំពោះមុខច្បាប់។
មន្ត្រីជំនាញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពបទល្មើសធនធានធម្មជាតិ ដើម្បីរួមគ្នាការពារ និងអភិរក្សព្រៃឈើឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕












