អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង ៥នាក់ ពាក់ព័ន្ធការបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស
ភ្នំពេញ៖ ក្មេងទំនើងចំនួន ៥នាក់ និងម៉ូតូចំនួន ៤គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប និងនាំយកមកធ្វើការព្រមាន អប់រំណែនាំ បន្ទាប់ពីពាក់ព័ន្ធនឹងសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤៖៥៥នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
ក្រុមក្មេងទំនើងទាំង ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបនៅចំណុចផ្លូវបេតុង ក្នុងបុរីសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពួកគេកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ និងប្រើប្រាស់ម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខាន និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។
ក្រោយពីបានធ្វើការព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូទាំងអស់ធ្វើកិច្ចសន្យា ដោយបញ្ឈប់សកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កការរំខាន និងប៉ះពាល់ដល់សាធារណជនតទៅទៀត។
ដោយឡែក ម៉ូតូចំនួន ៤គ្រឿង ត្រូវបានដកហូត និងរក្សាទុកជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕








