ពិធីប្រារព្ធបុណ្យខួបលើកទី ២២ នែការឡើងគ្រងរាជសម្បត្តិរបស់ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅសាលាខេត្តសឹ្ទងត្រែង
វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី២៩តុលា២០២៦ខេត្តស្ទឹងត្រែង -ថ្នាក់ដឹកនាំក្រុមប្រឹក្សា ខេត្ត គណៈ អភិបាល ខេត្ត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ រួមមានព្រះសង្ស អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិង បងប្អូនប្រជាពលរដ្ឋសរុបជាង៣០០នាក់បានជួបជុំគ្នាប្រារព្ធខួប លើកទី២២ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែ តុលាឆ្នាំ២០២៦នៅសាលាខេត្ត ស្ទឹងត្រែង។
ក្នុងឱកាសដ៍ថ្លៃថ្លានេះ ឯកឧត្តមសរសុពុត្រាអភិបាលខេត្ត បានអញ្ជើញឡើងអានសារថ្វាយព្រះពរមានខ្លឹមសារថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនៅព្រះរាជសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខ មហារប្រសើរគ្រប់ប្រការថ្វាយព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ក្លៀវក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ និងព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនានិងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូបជានិរន្តរ៍តរៀងទៅ។
នាឱកាសប្រកបដោយសេរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមសំដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណ ចំពោះព្រះរាជព្រះហឫទ័យយកចិត្តទុកដាក់និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងបុព្វហេតុជាតិមាតុភូមិសាសនា អប់រំ សង្គមកិច្ច និងវប្បធម៌ជាតិ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ ទាំងមូលក្នុងតំបន់និងលើឆាកអន្តរជាតិ ។
សារជាថ្មីម្ដងទៀតទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យ បួងសួងដល់ វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឬទ្ធិបារមីទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតឆត្រ ឬទ្ធិបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសឬទ្ធិបារមីដួងវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋសូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ នៅព្រះរាជសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រកបនូវព្រះពុទ្ធពរ និងពរទាំងឡាយប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ ជាភិយ្យោភាពតរៀងទៅ៕
ដោយ ÷ កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំ ខេត្តស្ទឹងត្រែង ។











