ឯកឧត្តម នេត្រ ភក្ត្រា ណែនាំថ្នាក់ដឹកនាំ និងសមាជិកគណបក្សនៅស្រុកព្រែកប្រសព្វ បន្តថែរក្សា និងបង្កើតអំពើល្អ ដើម្បីពង្រឹងការគាំទ្រពីប្រជាពលរដ្ឋ

ខេត្តក្រចេះ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឱ្យបន្តថែរក្សាអំពើល្អ បង្កើតអំពើល្អជាបន្តបន្ទាប់ និងមិនត្រូវស្កប់ស្កល់នឹងស្នាដៃដែលបានធ្វើកន្លងមកនោះទេ។ ជាមួយគ្នានេះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឱ្យជាប់នូវផែនការ និងទិសដៅរបស់គណបក្ស ព្រមទាំងបន្តកៀរគរសមាជិកនៅមូលដ្ឋាន ដើម្បីរក្សា និងពង្រឹងការគាំទ្រពីប្រជាពលរដ្ឋ។


ការណែនាំនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំទាំង៨ អាណត្តិទី៦ ឆ្នាំ២០២៦-២០៣២ និងសាខាបក្សភូមិទាំង៦១ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងមន្ត្រីគណបក្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានទទួលការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ហើយការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តាមរយៈការផ្តល់សេវាសាធារណៈ ការដោះស្រាយសំណូមពរ និងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្ត និងពង្រឹងទំនាក់ទំនងរវាងគណបក្សជាមួយប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំនៅមូលដ្ឋានមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារមន្ត្រីគណបក្សត្រូវនៅកៀកជិតប្រជាពលរដ្ឋ ស្វែងយល់ពីការលំបាក និងចូលរួមដោះស្រាយបញ្ហាដែលកើតមានក្នុងសហគមន៍។ ជាមួយគ្នានេះ គណបក្សត្រូវមានកម្មវិធី និងគោលនយោបាយជាក់ស្តែង សំដៅជំរុញការអភិវឌ្ឍប្រទេសជាតិ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំឱ្យក្រុមការងារគណបក្សបន្តពង្រឹងសមត្ថភាពសមាជិក សមាជិកា ទាំងផ្នែកគោលជំហរ ស្មារតី និងការយល់ដឹង ដើម្បីអាចតាមដានស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងករណីមានបញ្ហាដែលមិនអាចដោះស្រាយបានដោយខ្លួនឯង ត្រូវរាយការណ៍ជាបន្ទាន់ទៅថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងជៀសវាងការទុកឱ្យបញ្ហាកាន់តែស្មុគស្មាញ។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការគ្រប់គ្រងសមាជិកបក្សឱ្យបានល្អ ការគោរពវិន័យ និងច្បាប់ ព្រមទាំងការបំពេញតួនាទី និងភារកិច្ចដោយសុចរិតភាព។ ឯកឧត្តមបានចាត់ទុកការបន្តធ្វើអំពើល្អ និងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ជាកត្តាសំខាន់ក្នុងការពង្រឹងភាពរឹងមាំរបស់គណបក្ស និងការកសាងទំនុកចិត្តពីមូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ត្រូវតែថែរក្សាអំពើល្អ បង្កើតអំពើល្អ ក្នុងចំណោមសមាជិកបក្ស និងប្រជាពលរដ្ឋ យើងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលយើងបានធ្វើនោះទេ។ ដូច្នេះកាលណាយើងបង្កើតអំពើល្អបន្ថែមទៀត ភាពរឹងមាំ និងប្រជាប្រិយភាពរបស់គណបក្សក៏កាន់តែខ្លាំងបន្ថែមទៀត»។

បន្ថែមពីនេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះរូបនេះ ក៏បានដាស់តឿនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស មិនត្រូវមានការធ្វេសប្រហែសចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននោះទេ។ ឯកឧត្តមបានលើកឡើងពីការចាំបាច់ក្នុងការបង្កើនការយកចិត្តទុកដាក់លើព័ត៌មាននៅតាមបណ្តាញសង្គម និងការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងសង្គម ដោយណែនាំឱ្យសមាជិកបក្សបន្តពង្រឹងស្មារតីទទួលខុសត្រូវ និងការយល់ដឹងអំពីស្ថានភាពជាក់ស្តែង។

ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្ត្រា បានសំណូមពរដល់សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំនាពេលខាងមុខ។

ឯកឧត្តមបានបញ្ជាក់ថា ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ការបន្តបង្កើតស្នាដៃល្អ និងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងទំនុកចិត្ត និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕