ប្រជាពលរដ្ឋនៅភូមិភ្នំធាតុទទួលបានផ្លូវបេតុងថ្មីមួយខ្សែទៀតនៅចុងឆ្នាំ២០២៦នេះ
ខេត្តស្ទឹងត្រែង-រដ្ឋបាលខេត្តរៀបចំស្ថាបនាជាផ្លូវបេតុងថ្មីមួយខ្សែទៀតនៅក្នុងភូមិភ្នំធាតុ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបានលើកកម្ពស់សោភ័ណភាពនៅក្នុងសង្កាត់ស្ទឹងត្រែងថែមទៀត។ ក្នុងឱកាសចុះដោះស្រាយបញ្ហានិងរៀបចំស្ថាបនាផ្លូវបេតុងថ្មី នៅក្នុងភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែងថ្ងៃទី២៧តុលាឆ្នាំ២០២៧ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖ អាជ្ញាធរខេត្ត ក្រុងបានសម្របសម្រួលដោះស្រាយជាមួយម្ចាស់ដី ទទួលបានការឯកភាពគ្នាហើយ និងរៀបចំ ទម្លាយបើកផ្លូវដោយសាងសង់ឡើងជាផ្លូវបេតុង ដើម្បីបម្រើផលប្រយោជន៍ ក្នុងការធ្វើដំណើរទៅមករបស់យើងទាំងអស់គ្នា។លោកលីមីណា អភិបាលក្រុងបានបញ្ជាក់ថា នេះជាកិច្ចសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ របស់ឯកឧត្តមអភិបាលខេត្ត រួមនិងអាជ្ញាធរក្រុង សង្កាត់ គួបផ្សំនឹងស្មារតីយោគយល់ និងការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផង បានឯកភាពគ្នានាំមកនូវស្នាមញញឹម និងក្តីសង្ឃឹមយ៉ាងពិតប្រាកដផ្តល់កិត្តិយសដល់មូលដ្ឋាន ។
លោកបន្តថា នៅចំណុចនេះ លោក សុខ ខឿង និងលោកស្រី ភួង ផារ៉េត ជាប្រជាពលរដ្ឋ បានស្ម័គ្រចិត្តបរិច្ចាគ ដីទំហំទទឹង ១០ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ និង ដីរបស់លោក ម៉ៅ តារា មួយចំណែក ព្រមទទួលធ្វើការកែប្រែប្លង់កម្មសិទ្ធិដីធ្លី ទៅតាមស្ថានភាពជាក់ស្តែងនៃគម្រោងស្ថាបនាផ្លូវបេតុងនេះ ។
សូមបញ្ជាក់ថា កំណាត់ផ្លូវនេះជាផ្លូវលេខ៧៩ មានប្រវែង ៤៤៥ម៉ែត្រ និងទទឹង ៧ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវលេខ២២ ទៅដល់ផ្លូវលេខ១៤ ក្នុងភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កន្លងមក មិនអាចទម្លាយចេញបានឡើយ ព្រោះជាប់គាំង តាំងពីឆ្នាំ១៩៩៥មកដោយសារមានផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ បានមករស់នៅមុនពេលមានគម្រោងធ្វើផ្លូវ បច្ចុប្បន្នបានស្រុះស្រួលគ្នា ដើម្បីផលប្រយោជន៍រួមហើយ។
ដោយ ÷ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង ថ្ងៃទី២៨ តុលាឆ្នាំ២០២៦










