ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» ដោយមានអ្នកចូលរួមជាង ៧០០នាក់

 ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» ដោយមានអ្នកចូលរួមជាង ៧០០នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន ក្រោមប្រធានបទ «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» ដែលប្រារព្ធឡើងនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សរុបជាង ៧០០នាក់។វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយផ្តោតលើការសិក្សា ការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធរវាងសិក្ខាកាម ព្រមទាំងការពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល។
ការបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីឱ្យកាន់តែយល់ច្បាស់អំពីការអនុវត្តវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងការបំពេញការងារផ្សព្វផ្សាយព័ត៌មាន ជាពិសេសក្នុងសម័យកាលដែលបច្ចេកវិទ្យាឌីជីថលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមមានឱកាសពង្រឹងការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដោយផ្អែកលើភាពត្រឹមត្រូវ តម្លាភាព និងការគោរពសិទ្ធិរបស់អ្នកដទៃ។
ការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺជាកត្តាសំខាន់ក្នុងការរួមចំណែកពង្រឹងគុណភាពព័ត៌មាន បង្កើនទំនុកចិត្តពីសាធារណជន និងលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ស្របតាមការវិវត្តនៃបរិយាកាសព័ត៌មានឌីជីថលនាពេលបច្ចុប្បន្ន៕