អភិបាលក្រុងស្ទឹងត្រែងជំរុញឱ្យប្រជាពលរដ្ឋទៅតាំងលំនៅថ្មី ខិតខំដាំដំណាំកសិកម្ម

 អភិបាលក្រុងស្ទឹងត្រែងជំរុញឱ្យប្រជាពលរដ្ឋទៅតាំងលំនៅថ្មី ខិតខំដាំដំណាំកសិកម្ម

ខេត្តស្ទឹងត្រែង- អភិបាលក្រុងស្ទឹងត្រែងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ទៅតាំងទីលំនៅថ្មីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងធ្វើការងារបង្កបង្កើនផលនិងរស់នៅថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជំរុញការអភិវឌ្ឍគ្រួសារនីមួយៗ ឲ្យមានជីវភាពធូរធារ។
         ក្នុងឱកាស ជួបសំណេះសំណាលនិងផ្ដល់សម្ភារៈថវិកាជូនបងប្អូនប្រជាពលរដ្ឋទៅរស់នៅក្នុងគម្រោងអភិវឌ្ឍផ្ដល់ដីការពារព្រៃរបស់រាជរដ្ឋាភិបាលនៅសាលាក្រុងស្ទឹងត្រែងថ្ងៃទី ២៦ តុលាឆ្នាំ ២០២៦ លោកលីមីណាអភិបាលក្រុងមានប្រសាសន៍ថា បងប្អូនទទួលបានផ្ទះមួយខ្នងដី៣ហិកតា សម្រាប់រស់នៅ ដោយមិនចំណាយថវិកាទិញដូរឡើង ព្រោះអំណោយផ្ទះដីនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងអភិវឌ្ឍផ្តល់ដីការពារព្រៃ ។
     លោកអភិបាលក្រុងបន្តថា ពេលបានដី ផ្ទះរស់នៅហើយ សូមកុំទុកដីឱ្យនៅទំនេរត្រូវខិតខំធ្វើការងាររបស់ខ្លួន ប្រឹងប្រែងដាំដុះឈើហូបផ្លែ បន្លែបង្ការ ហើយថែរក្សាសុខភាពតាមការណែនាំរបស់មន្ត្រីសុខាភិបាល ដើម្បីធ្វើឲ្យជីវភាពគ្រួសារ ប្រែក្លាយពីភាពក្រីក្រ ទៅមានការអភិវឌ្ឍគ្រួសារប្រកបដោយនិរន្តរភាព និងបានចូលរួមជំរុញគម្រោងផ្ដល់ដីការពារព្រៃរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យទាំងអស់គ្នា។
លោក  ផន សារិន ប្រជាពលរដ្ឋមានសមាជិកគ្រួសារចំនួន៧នាក់ទៅពីសង្កាត់សាមគ្កីក្រុងស្ទឹងត្រែង បានសំដែងការសាទរយ៉ាងក្រៃលែង ពេលទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរក្រុង ខេត្ត ជាពិសេស សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ។
      លោកបន្តថា ដីនិងផ្ទះនេះបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់អនាគតកូនចៅវែងឆ្ងាយ ដោយមិនបានចំណាយថវិកាទិញមួយរៀលមួយរយណាទេ ហើយបងប្អូនខិតខំដាំដុះ បន្លែបង្ការ ធ្វើកសិកម្ម និងគោរពច្បាប់សង្គមធ្វើជាពលរដ្ឋល្អ នៅក្នុងភូមិអភិវឌ្ឍន៍ថ្មី ដើម្បីរួមគ្នាធ្វើឲ្យគ្រួសារនិងសង្គមជាតិមានឧត្តមភាពខ្ពស់។
       សូមបញ្ចាក់ថា៖គម្រោងផ្តល់ដីការពារព្រៃក្នុងជំហានទី២នេះ សម្រាប់ក្រុងស្ទឹងត្រែងមានប្រជាពលរដ្ឋចំនួន៨គ្រួសារសរុបសមាជិក៣០នាក់ បានទៅរស់នៅភូមិអភិវឌ្ឍថ្មីគម្រោងផ្តល់អភិវឌ្ឍន៍ដីការពេលព្រៃរបស់រាជរដ្ឋាភិបាលហៅកាត់ថា(ផ.ក.អ)នៅចំណុចអូរស៊េវក្នុងទឹកដីឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕
  ដោយ÷ កុល សារត្ន័ សហការីរស្មីញូស៍ប្រចាំខេត្ត ស្ទឹងត្រែង ។