អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៤នាក់ ក្នុងនោះមានជនជាតិចិន ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច ២ផ្សេងគ្នា
ភ្នំពេញ៖ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះមានជនជាតិចិន ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចចំនួន ២ផ្សេងគ្នា បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
យោងតាមព័ត៌មានពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីទី១ គឺជាករណីលួចកាត់ខ្សែភ្លើង ដែលបានកើតឡើងនៅវេលាម៉ោង ០២៖៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុច KTV មហាតាន់ ស្ថិតតាមបណ្តោយផ្លូវសប៊ិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីនេះ ត្រូវបានរាយការណ៍តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដោយប្រជាពលរដ្ឋបានប្តឹងថា មានក្រុមជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ រួមមាន៖ ឈ្មោះ HU XING BING និងឈ្មោះ SIANG XIA DAN ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។
ដោយឡែក ករណីទី២ ពាក់ព័ន្ធនឹងការលួចហ្គាសនៅស្ថានីយប្រេងឥន្ធនៈយីហោ លឹម ឡុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានកើតឡើងកាលពីវេលាម៉ោង ០៨៖០០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
តាមការរាយការណ៍ពីមេការស្ថានីយប្រេងឥន្ធនៈខាងលើ បានឱ្យដឹងថា បុគ្គលិកដឹកហ្គាសយកទៅប្រគល់ជូនអតិថិជន ត្រូវបានសង្ស័យថាបានលួចយកហ្គាស។ បន្ទាប់ពីទទួលបានបណ្តឹង កម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ សៀងហន់ ភេទប្រុស អាយុ៣៤ឆ្នាំ។
ជាមួយគ្នានេះ កម្លាំងអាវុធហត្ថបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆាយ លីហេង ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើទទួលផលចោរកម្ម ដោយទទួលទិញហ្គាសពីជនសង្ស័យឈ្មោះ សូ សៀងហន់។
ជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ការចាត់វិធានការនេះ គឺជាផ្នែកមួយនៃការបង្ការ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំងការឆ្លើយតបចំពោះសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម៕





