ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំអតីតសិស្ស និងលោកគ្រូអ្នកគ្រូសាលាបាក់ទូក នាំថវិកា ២០លានរៀល និងសម្ភារៈមួយចំនួន សួរសុខទុក្ខលោកគ្រូ ជា សែ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំអតីតសិស្ស និងលោកគ្រូអ្នកគ្រូសាលាបាក់ទូក នាំថវិកា ២០លានរៀល និងសម្ភារៈមួយចំនួន សួរសុខទុក្ខលោកគ្រូ ជា សែ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ ដោយសារតែចងចាំគុណូបការៈ និងមិនបំភ្លេចគុណគ្រូបាធ្យាយ អតីតសិស្សសាលាបាក់ទូក នាទសវត្សរ៍ឆ្នាំ១៩៨០ មួយក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួន ប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូបង្រៀនជើងចាស់ឯកទេសរូបវិទ្យាដ៏ល្បីល្បាញម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង។

សកម្មភាពដ៏មានអត្ថន័យនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមចំណែកពីអតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានរួមគ្នាបរិច្ចាគថវិកាតាមលទ្ធភាព ប្រមូលបានសរុបចំនួន ២០លានរៀល រួមនឹងភេសជ្ជៈចម្រុះចំនួន ០៩កេស ដើម្បីជួយសម្រាលបន្ទុកដល់លោកគ្រូ និងក្រុមគ្រួសារក្នុងការព្យាបាលជំងឺ។

លោកគ្រូ ជា សែ បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បន្ទាប់ពីជំងឺទឹកនោមផ្អែមប្រចាំកាយបានធ្វើទុក្ខធ្ងន់ធ្ងរ។ ជាអកុសល ក្រុមគ្រូពេទ្យបានសម្រេចកាត់ជើងខាងស្តាំរបស់លោកគ្រូបន្ថែមទៀត ខណៈដែលជើងខាងឆ្វេងរបស់លោកគ្រូធ្លាប់ត្រូវបានកាត់ម្តងរួចមកហើយ កាលពីឆ្នាំ២០២៣។

គួររំលឹកថា លោកគ្រូ ជា សែ ធ្លាប់បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួន ០២លើករួចមកហើយ គឺនៅខែសីហា ឆ្នាំ២០១៨ និងខែធ្នូ ឆ្នាំ២០២៣។ ក្នុងគ្រាលំបាកទាំងនោះ អតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សរ៍ឆ្នាំ១៩៨០ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីជួយសម្រាលការលំបាករបស់លោកគ្រូ ដោយលើកទី១ ប្រមូលបានថវិកាជាង ៧.០០០ដុល្លារអាមេរិក និងលើកទី២ ប្រមូលបានថវិកាជាង ៨.០០០ដុល្លារអាមេរិក ប្រគល់ជូនលោកគ្រូសម្រាប់ចំណាយលើការព្យាបាល និងការថែទាំសុខភាព។

ជាមួយគ្នានេះ ក្នុងរយៈពេលកន្លងមក គេសង្កេតឃើញថា អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែរក្សាបាននូវចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយមិនត្រឹមតែជួយគ្នាទៅវិញទៅមកក្នុងចំណោមមិត្តរួមជំនាន់ប៉ុណ្ណោះទេ ថែមទាំងតែងតែរួមចំណែកជួយដល់អតីតលោកគ្រូអ្នកគ្រូដែលជួបការលំបាក និងមានតម្រូវការជំនួយផងដែរ។

សកម្មភាពទាំងនេះបានបង្ហាញពីស្មារតីដឹងគុណគ្រូបាធ្យាយ ការយកចិត្តទុកដាក់ និងការចែករំលែកក្នុងគ្រាលំបាក ដែលជាគំរូដ៏ល្អនៃការរក្សាចំណងមិត្តភាព និងការដឹងគុណចំពោះអ្នកមានគុណ។ ជាពិសេស សកម្មភាពទាំងនេះស្របតាមពាក្យស្លោកដែលសមាជិកក្នុងក្រុមបានរួមគ្នាបង្កើតឡើងថា «សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕