ក្រសួងព័ត៌មាន រៀបចំពិធីសម្ពោធសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា

 ក្រសួងព័ត៌មាន រៀបចំពិធីសម្ពោធសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា

ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរៀបចំពិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។


សៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» នេះ ត្រូវបានរៀបរៀងដោយ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី និងរ៉ូម៉ានី ក្នុងគោលបំណងចែករំលែកចំណេះដឹង និងទស្សនៈពាក់ព័ន្ធនឹងទស្សនវិជ្ជានៃការទូតព័ត៌មាន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងការទំនាក់ទំនងក្នុងបរិបទសង្គមបច្ចុប្បន្ន។

សៀវភៅនេះ ត្រូវបានបោះពុម្ពជាលើកដំបូងជាភាសាខ្មែរ ចំនួន ១.០០០ ច្បាប់ ក្នុងនោះចំនួន ២០០ ច្បាប់ ត្រូវបានប្រគល់ជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ជាមួយគ្នានេះ សៀវភៅក៏ត្រូវបានដាក់លក់ជូនសាធារណជន និងអ្នកអានដែលមានចំណាប់អារម្មណ៍ នៅតាមបណ្ណាគារ Momenbook ផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងគោលបំណងផ្សព្វផ្សាយស្នាដៃសៀវភៅថ្មី និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការទូតព័ត៌មាន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ម្ចាស់អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីជាឯកសារសិក្សា ស្រាវជ្រាវ និងជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា៕