កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ក្នុងថ្ងៃដំបូងនៃការតាំងពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការល្បាត និងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកទស្សនា និងលេងកម្សាន្តក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅភូមិហ្វ្រង់កូហ្វូនី ទទួលបានភាពកក់ក្តៅ និងភាពសប្បាយរីករាយ។សកម្មភាពល្បាតនេះ ធ្វើឡើងក្នុងថ្ងៃដំបូងនៃការបើកតំបន់តាំងពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី ដែលមានប្រជាពលរដ្ឋជាតិ និងភ្ញៀវអន្តរជាតិជាច្រើនកុះករអញ្ជើញមកទស្សនា ស្វែងយល់ និងចូលរួមលេងកម្សាន្តតាមស្តង់ពិព័រណ៍នានា។
ការចេញប្រតិបត្តិការរបស់កម្លាំងនគរបាលអន្តរាគមន៍ពិសេសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមលក្ខណៈរបស់សមត្ថកិច្ច ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងចូលរួមធានាឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសសមាជិកហ្វ្រង់កូហ្វូនី៕

























