កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង សម្របសម្រួលបញ្ចប់រឿងករណីអ្នកបើករថយន្តទះកំផ្លៀងអ្នកជិះម៉ូតូ ដោយភាគីទាំងសងខាងយល់ព្រមមិនប្តឹងផ្តល់គ្នា
ភ្នំពេញ ៖ ករណីហិង្សាមួយរវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ ដែលផ្តើមចេញពីការជិះម៉ូតូវ៉ារថយន្ត ហើយទឹកបានខ្ទាតទៅលើរថយន្ត បណ្តាលឱ្យមានការប៉ះទង្គិចពាក្យសម្តី និងឈានដល់ការប្រើអំពើហិង្សា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង សម្របសម្រួលដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយភាគីទាំងសងខាងយល់ព្រមមិនបន្តប្តឹងផ្តល់គ្នា។ការសម្របសម្រួលនេះ បានធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការណែនាំពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី នាង ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដឹកនាំការសម្របសម្រួលរហូតដល់បញ្ចប់រឿង នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៩:២០នាទី។យោងតាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៨:១០នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការ ហើយនៅពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានជិះម៉ូតូវ៉ារថយន្តមួយគ្រឿង ដោយទឹកបានខ្ទាតទៅលើរថយន្ត។ ភ្លាមនោះ អ្នកបើកបររថយន្តបានស្រែកជេរប្រមាថ ខណៈអ្នកជិះម៉ូតូបានឈប់ម៉ូតូ ដើម្បីសួរនាំ។ប្រភពដដែលបន្តថា បន្ទាប់មក អ្នកបើកបររថយន្តបានបើកមកកាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ រួចចុះពីរថយន្ត និងបានទះកំផ្លៀងជនរងគ្រោះចំនួនមួយដៃចំមុខ មុនពេលបើករថយន្តចេញពីកន្លែងកើតហេតុ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានអញ្ជើញភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងដោះស្រាយតាមនីតិវិធី។
ក្រោយពីបានសាកសួរ និងស្តាប់ការបំភ្លឺពីភាគីទាំងសងខាងរួចមក ភាគីទាំងពីរបានស្នើសុំឱ្យសមត្ថកិច្ចជួយសម្របសម្រួល ដើម្បីបញ្ចប់វិវាទនេះ។ជាលទ្ធផល ភាគីទាំងសងខាងបានយល់ព្រមបញ្ចប់រឿង និងមិនបន្តប្តឹងផ្តល់គ្នានោះទេ។
ជាមួយគ្នានេះ ភាគីទាំងសងខាងក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហា រហូតឈានដល់ការបញ្ចប់វិវាទដោយសន្តិវិធី។
ករណីនេះក៏ជាការរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យបង្កើនការអត់ធ្មត់ គោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសុជីវធម៌ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងការប៉ះទង្គិចពាក្យសម្តីដែលអាចឈានទៅដល់អំពើហិង្សា និងបង្កផលវិបាកដល់ខ្លួនឯង និងអ្នកដទៃ។
























































